ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំចង្អៀតលើកទីបី​ នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ

48

ភ្នំពេញ៖នៅថ្ងៃពុធ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសថៃ បានអញ្ជើញធ្វើជាសហប្រធានបើកកិច្ចប្រជុំចង្អៀតលើកទី៣ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេស មកពីបណ្តាប្រទេសសមាជិកនៃមហាអនុតំបន់មេគង្គ (GMS) រួមមាន៖ ប្រទេសកម្ពុជា ចិន ឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី និងវិទ្យាស្ថានមេគង្គ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាពេលនោះ លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូន មន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញ នាពេលនេះនឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង ក្នុងចំណោមប្រទេសជាសមាជិក GMS និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត ក្នុងការសម្របសម្រួល និងការលើកកម្ពស់ការដឹកជញ្ជូន សំដៅបង្កើនបរិមាណការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ពង្រីកទំហំពាណិជ្ជកម្ម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនយើង។

លោកទេសរដ្ឋមន្ត្រីបានបន្តថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមនៃកិច្ចព្រមព្រៀង CBTA លើកទី ៧ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ យើងបានទទួលស្គាល់ថា ការកាត់បន្ថយឧបសគ្គមិនមែនរូបវន្តក្នុងការដឹកជញ្ជូន និងពាណិជ្ជកម្ម គឺជាគន្លឹះក្នុងការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ហើយជាលទ្ធផល រយៈពេល ៩ខែ ចាប់តាំងពីពេលនោះមក យើងបានកត់សម្គាល់ឃើញថា មានការរីកចម្រើនមួយចំនួនដូចជាការចាប់ផ្តើមប្រើប្រាស់លិខិតអនុញ្ញាតបណ្តោះអាសន្នសម្រាប់ការដឹកជញ្ជូន ក្រោមអនុស្សរណៈយោគយល់លើការអនុវត្តការប្រមូលផលដំបូងរបស់ CBTA។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រេចបាននៅក្នុងការអនុវត្តកិច្ចព្រមព្រៀង CBTA ក៏ដោយ បញ្ហាប្រឈមថ្មីៗបានកើតឡើង ស្របពេលដែលពិភពលោកកំពុងវិវត្តន៍ទៅជាបដិវត្តឧស្សាហកម្មទី ៤.០ ដែលតម្រូវឱ្យយើងមានការច្នៃប្រឌិត ដើម្បីបង្កើតនូវវិធីសាស្រ្តថ្មីៗដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចព្រមព្រៀម CBTA ជាពិសេសយើងមិនត្រូវមើលរំលងកិច្ចសហប្រតិបត្តិការនិងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចក្នុងតំបន់ និងអនុតំបន់ ពង្រឹងសម្ព័ន្ធភាពជាមួយគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងសមាគមសេដ្ឋកិច្ចអាស៊ាន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (the Lancang-Mekong Cooperation) the Free and Open Indo-Pacific, the ACMES, កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន (Mekong-Japan Cooperation), the Lower Mekong Initiative និង Asia Infrastructure Investment Bank ដែលអាចលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយចីរភាពនៅក្នុងរដ្ឋសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ

លោកទេសរដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចក្ខុវិស័យរបស់មហាអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងពង្រឹងវិបុលភាព សមាហរណកម្ម និងសុខដុមរមនាជាមួយបណ្តាប្រទេសសមាជិក GMS។ លើសពីនេះទៀត កម្ពុជា និងវៀតណាមនឹងជួបពិភាក្សាបញ្ហាច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ និងមានជំនួបទ្វេភាគីនៅទីក្រុងហូជីមិញដើម្បីពិភាក្សានិងដោះស្រាយបញ្ហាដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះផងដែរ កម្ពុជាក៏នឹងគ្រោងជួបពិភាក្សាជាមួយសមភាគីថៃដើម្បីពិភាក្សារកដំណោះស្រាយសម្រាប់ប្រតិបត្តិការបណ្តោះអាសន្ននៃច្រកព្រំដែនស្ទឹងបត់-ច្រកទ្វារព្រំដែនបានណនអៀនផងដែរ ខណៈពេលរង់ចាំអគាររដ្ឋបាលព្រំដែនបញ្ចប់ជាស្ថាពរ។

លោកទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រទេសជាសមាជិកGMSទាំងអស់ផ្ដោតលើបញ្ហាសុវត្ថិភាពចរាចរណ៍ជាចម្បង ព្រោះថា តាមរយៈការចេញផ្សាយរបស់អង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ពិភពលោកបានបាត់បង់ជីវិតមនុស្សជាង ១,៣ លាននាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ។

លោកទេសរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ ព្រមទាំងស្នើឱ្យរដ្ឋសមាជិកទាំងអស់លើកឡើងនូវកង្វល់ទាំងឡាយណាដែលកើតមានកន្លងមកតាមរយៈការអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង៕

អត្ថបទដែលជាប់ទាក់ទង