ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការភ្នំពេញស្អាត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលុបបំបាត់សំរាម

97

ភ្នំពេញ៖ “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ” យុទ្ធនាការភ្នំពេញស្អាតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវរូបភាពអវិជ្ជមានទាំងអស់នេះ តាមរយៈការអប់រំណែនាំដោយចំហក្ដី ដោយផ្ទាល់ក្ដី ដល់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យមានសីលធម៌ សុជីវធម៌បោះចោលសំរាមក្នុងធុងសំរាម មិនពង្រាយកាកសំណល់ផ្ដេសផ្ដាស នាំឲ្យសង្គមបាត់បង់សណ្ដាប់ធ្នាប់ និងមានសំរាមពាសវាលពាសកាល។

 

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីទីក្រុងស្អាត បានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែខធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន រវាងលោក ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងលោកស្រី ជា សុផល្លា សហស្ថាបនិកគម្រោងភ្នំពេញស្អាត (PHNOM PENH SA-AT COMMITTEE) ។

 

លោកជួប ប៉ារីស៍ បានលើកឡើងថា៖ ស្ថានភាពសំរាមនៅក្នុងទីក្រុងភ្នំពេញ គឺជាបញ្ហាចោទមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាកសំណល់ពីគេហដ្ឋាន សាលារៀន ភោជនីយដ្ឋាន មន្ទីរពេទ្យ ជាពិសេសតាមទីផ្សារ បានបង្កជាគុណវិបត្តិមួយចំនួន ដែលជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោកបានបន្ថែមថា ក្រោមទិសស្លោក “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ” យុទ្ធនាការភ្នំពេញស្អាត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលុបបំបាត់ នូវរូបភាពអវិជ្ជមានទាំងអស់នេះ តាមរយៈការអប់រំណែនាំដោយចំហក្ដី ដោយផ្ទាល់ក្ដី ដល់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យមានសីលធម៌ សុជីវធម៌បោះចោលសំរាមក្នុងធុងសំរាម មិនពង្រាយកាកសំណល់ផ្ដេសផ្ដាស នាំឲ្យសង្គមបាត់បង់សណ្ដាប់ធ្នាប់ និងមានសំរាមពាសវាលពាសកាល។

 

លោក បន្តទៀតថា៖អ្វីដែលប្លែកជាងឆ្នាំមុនៗនោះ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមយុវជនស្អាតរបស់យុទ្ធនាការភ្នំពេញស្អាត បានសាមគ្គីគ្នាដើរចងប៉េងប៉ោងតាមធុង សំរាមនីមួយៗ ដើម្បីជាកំណត់សម្គាល់មួយថា ទីណាមានប៉េងប៉ោង ទីនោះមានធុងសំរាម។ គំនិតនេះហើយ គឺជាកត្តាមួយចូលរួមក្នុងការកាត់បន្ថយសំរាមលើដី និងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាពិធីបុណ្យអុំទូកនេះ ចេះកែក្រែទម្លាប់អាក្រក់ចោលសំរាមលើដងផ្លូវ ងាកមកមានការទុកដាក់សំរាមបានត្រឹមត្រូវ និងបានធ្វើឱ្យមានការគិតគូរយ៉ាងខ្លាំងពីកិត្យានុភាពជាតិ។

 

គួរបញ្ជាក់ថា៖ អនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងគម្រោងភ្នំពេញស្អាត មានរយៈពេលអនុវត្តគម្រោង រយៈពេល ៣ឆ្នាំ ដោយក្រសួងបរិស្ថានបានចូលរួម និងគាំទ្រគម្រោងកម្មវិធី តាមរយៈមូលនិធិបរិស្ថាន និងសង្គម ក្នុង១ឆ្នាំ ថវិកាចំនួន ១០០០០ ដុល្លារអាមេរិក (មួយម៉ីនដុល្លារអាមេរិក)។ គម្រោងភ្នំពេញស្អាត រួមមានកម្មវិធីជាច្រើន សម្រាប់ឲ្យស្ថាប័ននានា និងប្រជាពលរដ្ឋចូលរួម បង្ហាញ និងផ្សព្វផ្សាយបន្តនូវទងើ្វល្អៗដើម្បីផ្លាស់ប្តូរនូវគោលគំនិត ទម្លាប់ និងឥរិយាបថ ក្នុងការគ្រប់គ្រងសំរាម និងថែរក្សាបរិស្ថានស្អាត៕

អត្ថបទដែលជាប់ទាក់ទង