ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ពីបទ លួចកាច់សោរកម៉ូតូ ត្រូវបញ្ជូនទៅតុលាការ

59

 

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ១៤នាក់ ពីបទ លួចកាច់សោកម៉ូតូ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ខែធ្នូនេះ។

កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ០០នាទី នៅចំណុចផ្សារត្រី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី លួច (កាច់សោកម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១៤នាក់ ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន មកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។
លោកអនុសេនីយ៍ឯក ស សុភក្ត្រា បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ កាលពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៩ និងដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន ១៤នាក់ ។ ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ លួច(កាច់សោកម៉ូតូ) ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង