ចោរឆក់០៤នាក់ដែលតែងតែឆក់កាបូបជនបរទេសត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប
ភ្នំពេញ៖នៅវេលាម៉ោង០១:១០នាទីថ្ងៃទី១៨ខែ១២ឆ្នាំ២០១៩ចំនុចផ្លូវលេខ១៤៨កែង១៣សង្កាត់ផ្សារកណ្តាលទី១អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដូនពេញបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទំងន់ទោស(ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបជនបរទេសបានសម្រេចហើយគេចខ្លួនទៅពួនសម្ងំក្នុងបន្ទប់ជួលជាន់ទី២ក្នុងអាគារជួលស្នាក់នៅមួយកន្លែង។
ជនសង្ស័យទាំង០៤នាក់នោះរួមមាន៖
១–ឈ្មោះរស់សុភក្រ្ត័ភេទប្រុសអាយុ២២ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ
២–ឈ្មោះជ័យវាសនាភេទប្រុសអាយុ២១ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ
៣–ឈ្មោះផែនវ៉ាភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៥៦ផ្លូវ១៣០សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ
៤–ឈ្មោះទូចចិន្តាភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ
*ដំណើររឿង: នៅថ្ងៃកើតហេតុជនរងគ្រោះឈ្មោះMARINA CRUZMONTULL ភេទស្រីអាយុ២៣ឆ្នាំជនជាតិអេស្ប៉ាញមុខរបរសិស្សស្នាក់នៅអូតែល19ហេបភីហោស៍សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញបានដើរថ្មើរជើងតាមបណ្តាយផ្លូវ១៤៨កែង១៣(ខាងជើងផ្សារកណ្តាល)ស្រាប់តែត្រូវបានជនសង្ស័យជិះម៉ូតូ០១គ្រឿងម៉ា់កVIVA ពណ៏ខ្មៅមកក្បែរហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេចនិងបានជិះគេចខ្លួនបាត់។ក្រោយកើតហេតុកំលាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញបានចុះដល់ទីតាំងកើតហេតុនិងបានសាកសួរជនរងគ្រោះព្រមទាំងសាក្សីជុំវិញកន្លែងកើតហេតុទើបធ្វើការកំណត់មុខសញ្ញាហើយបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជាក់ស្តែងនៅចំណុចអាគារជួលស្នាក់នៅមួយកន្លែងចូលតាមច្រកឌឿងហែមជាន់ទី២ផ្លូវ១៣០សង្កាត់ផ្សារកណ្តាល១បានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៤នាក់ព្រមទាំងដកហូតកាបូបស្ពាយរបស់ជនរងគ្រោះមកវិញប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ជនរងគ្រោះមានសេចក្តីរំភើបនិងអរគុណសមត្ថកិច្ចអាវុធហត្ថជាអនេកដែលបាននាំយកកាបូបនោះមកវិញបាន។ក្នុងកាបូបនោះមាន
–ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI
–លិខិតឆ្លងដែនចំនួន០១ក្បាល
–អត្តសញ្ញាណប័ណ្ណចំនួន០១
–កាតធនាគារចំនួន០២
–ប័ណ្ណបើកបរចំនួន០១សន្លឹក
–កាបូបតូចចំនួន០២
–លុយដុល្លារចំនួន១០០ដុល្លា
–លុយខ្មែរចំនួន២០០០រៀល
–លុយថៃចំនួន៨២០បាត
–លុយEUROចំនួន៦៣០EURO
–និងឯកសារ០១ចំនួនផ្សេងទៀត
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យឈ្មោះរស់សុភ័ក្រ្តដែលជាជនដៃដល់បានព្រមឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែននិងធ្លាប់ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៨រយះពេល០១ឆ្នាំរួចម្តងហើយពាក់ព័ន្ធករណីឆក់កាបូបដូចគ្នាផងដែរ៕