ក្រុងកំពតលាក់ទុកកំណប់ទេសចរណ៍ធំសម្បើមដែលត្រូវអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌
(កំពត)៖ឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថាទីក្រុងកំពតបានលាក់ទុកកំណប់ទេសចរណ៍ធំសម្បើមពិសេសសំណង់អគារសល់តាំងពីសម័យអាណានិគមបារាំងដែលត្រូវតែអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតក្រៅពីរមណីយដ្ឋានធម្មជាតិភ្នំបូកគោទឹកឈូនិងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនទៀត។
ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨អមជាមួយពិធីប្រគល់បណ្ណសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជាប្រចាំឆ្នាំ២០១៩នាថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨នៅសាលមហោស្រពខេត្តកំពតដោយមានការចូលរួមពីឯកឧត្តមជាវតាយអភិបាលខេត្តកំពតលោកកែនសត្ថាអភិបាលខេត្តកែបព្រមទាំងមន្ត្រីរាជការអាជីវករប្រជាពលរដ្ឋនិស្សិតជាច្រើននាក់ទៀត។
បន្ទាប់ពីអានសារលិខិតអបអរសាទរពិធីបុណ្យសមុទ្ររបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជារួចមកឯកឧត្តមរដ្ឋមន្ត្រីថោងខុនបានដាក់ចេញនូវអនុសាសន៍សំខាន់ដូចខាងក្រោម៖
* ទី១៖ក្រុងកំពតគួរត្រូវបានរៀបចំនិងអភិវឌ្ឍជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌។ក្រៅអំពីរមណីយដ្ឋានធម្មជាតិភ្នំបូកគោរមណីយដ្ឋានទឹកឈូនិងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនផ្សេងទៀតដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ទាក់ទាញប្រចាំខេត្តទីក្រុងកំពតបានលាក់ទុកនូវកំណប់សក្តានុពលទេសចរណ៍ធំសម្បើមគឺសំណង់អគារប្រវត្តិសាស្ត្រជាច្រើនពិសេសសំណង់អគារដែលមានអាយុកាលតាំងពីសម័យអាណានិគមបារាំងដូចជា៖អគាររដ្ឋបាលខេត្តតំបន់ផ្សារក្រណាត់ចាស់និងសំណង់អគារតាមបណ្តោយព្រែកកំពត។ទីកន្លែងទាំងនេះជាភាពទាក់ទាញពិសេសរបស់ក្រុងកំពតដែលត្រូវមានការយកចិត្តទុកដាក់បន្ថែមទាំងការថែទាំនិងការអភិវឌ្ឍកែច្នៃបន្ថែម។
ឯកឧត្តមថាខេត្តកំពតត្រូវបានរាជរដ្ឋាភិបាលកំណត់ជា«គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌និងកសិទេសចរណ៍តំបន់ឆ្នេរ» ដោយហេតុថាខេត្តកំពតជាខេត្តដែលមានសក្តានុពលវិស័យកសិកម្មខ្ពស់ពិសេសដំណាំហូបផ្លែដោយសារកត្តាអាកាសធាតុនិងដីមានជីជាតិអំណោយផលពីធម្មជាតិ។រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនត្រូវបានរៀបចំនិងបង្កើតឡើងជាបន្តបន្ទាប់រួចទៅហើយនៅក្នុងទឹកដីមួយនេះ។
* ទី២៖បន្តពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។ឆ្នេរសមុទ្រកម្ពុជាត្រូវបានប្រសិទ្ធនាមជា«តារារះនាទិសនិរតី» ក្រោយពីត្រូវបានអនុម័តជាផ្លូវការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោកកាលពីឆ្នាំ២០១១។អនុលោមតាមស្មារតីទទួលខុសត្រូវនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសារាចរស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាដោយបានកំណត់យ៉ាងច្បាស់នូវតំបន់ដែលអាចសាងសង់បាននិងតំបន់មិនអាចសាងសង់បានសម្រាប់ភូមិសាស្ត្រតំបន់ឆ្នេរ។
គួរបញ្ជាក់ដែរថាសម្រាប់ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ឆ្នាំ២០១៩នេះមានឆ្នេរបេក្ខភាពមកពីខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ចូលរួមសរុបចំនួន២៨ឆ្នេរកើនឡើង៧៥% ធៀបនឹងចំនួនឆ្នេរបេក្ខភាពចូលរួមក្នុងឆ្នាំ២០១៨ដែលមានឆ្នេរបេក្ខភាពចូលរួមចំនួន១៦ឆ្នេរប៉ុណ្ណោះ។ទន្ទឹមនឹងនេះចំនួនឆ្នេរបេក្ខភាពដែលជាប់ជយលាភីក្នុងឆ្នាំ២០១៩នេះមានចំនួន១៤កើនឡើង៤០% ធៀបនឹងចំនួនជ័យលាភីនៅឆ្នាំ២០១៨(១០ឆ្នេរជយលាភី)។
* ទី៣៖ត្រូវខិតខំបន្តកែច្នៃនិងបង្កើនគុណភាពផលិតផលទេសចរណ៍ក្នុងខេត្តកំពតឱ្យកាន់តែមានភាពទាក់ទាញនិងបន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ក្រសួងទេសចរណ៍ក៏ដូចជាមន្ទីរទេសចរណ៍រាជធានី–ខេត្តបានបំពេញក្នុងគោលដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៨នៅខេត្តកំពតនាពេលនេះក្រសួងទេសចរណ៍បានរៀបចំនិងដាក់ចេញឱ្យមន្ទីរទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤។
ជាលទ្ធផលនៃការតាមដានការអនុវត្តតាមស្មារតីសារាចរណែនាំនេះដោយមន្ទីរទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤មានអាជីវកម្មសរុបចំនួន១១៣ក្នុងនោះខេត្តកំពតចំនួន៥៤អាជីវកម្មខេត្តកែបចំនួន២៣អាជីវកម្មខេត្តព្រះសីហនុចំនួន១៦អាជីវកម្មនិងខេត្តកោះកុងចំនួន២០អាជីវកម្មដែលត្រូវបានជ្រើសរើសផ្តល់បណ្ណសរសើរនាឱកាសសិក្ខាសាលានាពេលនេះ។លោកបានអបអរសាទរដល់មគ្គទ្ទេសក៍ទេសចរណ៍សហគមន៍ចំនួន៣៩រូបដែលបានបញ្ជប់វគ្គបណ្ដុះបណ្ដាលនិងក្លាយជាមគ្គទ្ទេសក៍ទេសចរណ៍សហគមន៍៕