ឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្ន៖ ការពង្រីកបាន ទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិនិងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖លោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជាដែលនឹងរួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិនិងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជាព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០(ប្រទេសចំណូលមធ្យមកម្រិតខ្ពស់) និងឆ្នាំ២០៥០(ប្រទេសចំណូលខ្ពស់)។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០នៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០១៩ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងនិងមន្ទីរពាណិជ្ជកម្មព្រមទាំងសាខាកាំកុងត្រូលរាជធានី–ខេត្តប្រមាណជាង៥០០នាក់។
លោកឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់លោករដ្ឋមន្ត្រីប៉ានសូរស័ក្តិថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមអនុវត្ត«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា» និង«យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤» រហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើក្រសួងពាណិជ្ជកម្មខិតខំជំរុញការធ្វើសេរីភាវូបនីយកម្មនិងសមាហរណកម្មក្នុងតំបន់និងពិភពលោកតាមរយៈការបន្តកិច្ចសហការជាមួយក្រសួង–ស្ថាប័នពាក់ព័ន្ធដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) នៅក្នុងឆ្នាំ២០២០និងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា–ចិននិងកម្ពុជា–សាធារណរដ្ឋកូរ៉េដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជាសំដៅគាំទ្រការអភិវឌ្ឍកំណើនសេដ្ឋកិច្ចដែលជាគោលដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
បន្ថែមលើនោះលោកឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នក៏បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុចដល់ក្រសួងពាណិជ្ជកម្មដើម្បីជាវិភាគទានសម្រាប់រៀបចំគោលនយោបាយនិងកំណត់ទិសដៅសម្រាប់អនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់មានដូចជា៖(១) ការកែទម្រង់ផ្ទៃក្នុងនិងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងតំបន់និងពិភពលោក(២) កំណែទម្រង់រដ្ឋបាលសាធារណៈនិងគុណភាពសេវាសាធារណៈ(៣) ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលនិងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤និង(៤) ការរក្សាបាននូវសន្តិសុខស្បៀងអាហារនិងស្ថិរភាពថ្លៃទំនិញនិងសេវាកម្មដើម្បីគាំទ្រឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
គួររម្លឹកដែរថាក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះក្រសួងពាណិជ្ជកម្មនៅក្រោមការដឹកនាំរបស់ឯកឧត្តមប៉ានសូរស័ក្តិបានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្មរហូតទទួលបានជោគជ័យលើការចរចាបើកច្រកទីផ្សារពាណិជ្ជកម្មការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញការធ្វើកំណែទម្រង់សេវាសាធារណៈការកសាងលិខិតបទដ្ឋានគតិយុត្តនៅក្រោមវិស័យពាណិជ្ជកម្មការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់និងសុខមាលភាពប្រជាជនការរក្សាបានសន្តិសុខស្បៀងនិងហិរញ្ញវត្ថុដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើននិងការអនុវត្តអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល៕