ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាំដើមឈើ អបអរសាទរព្រឹត្តិការណ៍ បុណ្យសមុទ្រលើកទី៨

75

កំពត៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីដាំដើមឈើ ដើម្បីអបអរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី លោក ជឹង ផល្លាប្រធានក្រុមប្រឹក្សា និងលោកស្រី ក៏ដូចជាវត្តមានថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ សិស្ស និស្សិត ប្រជាពលរដ្ឋមូលដ្ឋាន សរុបប្រមាណ ៣០០នាក់។

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា នៅពេលខាងមុខ រដ្ឋបាលខេត្តកំពតនឹងរៀបចំ ឱ្យមានសួនអនុស្សាវរីយ៍ អាពាហ៍ពិពាហ៍ ដើម្បីផ្តល់ឱកាសចំពោះគូស្រករ ដែលត្រូវរៀបអាពាហ៍ពិពាហ៍ដាំដើមឈើ យ៉ាងហោចឱ្យបានពីរដើម ទុកជាអនុស្សាវរីយ៍ និងប្រយោជន៍ទៅអនាគត។

ឆ្លើយតបចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាខាងលើ លោក ថោង ខុន បានមានប្រសាសន៍ថា នេះជាការយកចិត្តទុកដាក់ ប្រកបដោយគតិឧត្តុង្គឧត្តម បំណងប្រែក្លាយដែនដីឱ្យមានភាពបៃតង ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់។ ក្នុងនាមក្រសួងទេសចរណ៍លោកសូមគាំទ្រនូវការបង្កើត សួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ របស់រដ្ឋបាលខេត្ត។ ពិសេសថ្លែងអំណរគុណចំពោះលោកអភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងការបង្កើតសមិទ្ធផលថ្មី គឺសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍នេះ។

សូមបញ្ជាក់ថា សម្រាប់ពិធីដាំដើមឈើអបអរព្រឹត្តិការណ៍ បុណ្យសមុទ្រលើកទី៨នេះ គឺអ្នកចូលរួមបានដាំដើមរំដួល ចំនួន១៦៧ដើម ហើយថ្នាក់ដឹកនាំបានដាំដើមគីនិន៦ដើម និងដើមនាងនួនចំនួន៦ដើម៕

អត្ថបទដែលជាប់ទាក់ទង