ជើងខ្លាំងមកពីភ្នំសៅលីញ នឹងចូលប្រកួត ជាមួយគុនល្បុក្កតោខ្មែរ លើកដំបូង ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត
ភ្នំពេញ ៖ ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩នេះ រឹតតែមានភាពពិសេសលើសឆ្នាំមុនៗទៅទៀត ដោយគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យ ពិសេសអនុគណៈកម្មការសកម្មភាពកីឡាសម្រាប់ពិធីបុណ្យសមុទ្រ បានអញ្ជើញក្រុមកីឡាករគុនសៅលីញមកពីភ្នំសៅលីញ ប្រទេសចិន ឱ្យចូលរួមប្រកួតជាមួយក្រុមកីឡាករគុនល្បុក្កតោ ដែលជាគុនបុរាណខ្មែរដ៏ល្បីល្បាញ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានអនុគណៈកម្មការសកម្មភាពកីឡា សម្រាប់ពិធីបុណ្យសមុទ្រនៅខេត្តកំពត បានឱ្យដឹងថា លោកបានទៅដល់ភ្នំសៅលីញ ប្រទេសចិនផ្ទាល់ ដោយបានជួបពិភាក្សាជាមួយឧត្តមគ្រូ (Grand Master) នៃក្បាច់គុនសៅលីញផ្ទាល់ដើម្បីអញ្ជើញក្រុមកីឡាករ
គុនសៅលីញឱ្យមកចូលរួមប្រកួតកីឡាគុន ក្នុងពិធីបុណ្យសមុទ្រនៅប្រទេសកម្ពុជា ហើយឧត្តមគ្រូរូបនោះក៏បានទទួលយល់ព្រមជាមួយសំណើនេះយ៉ាងពេញចិត្ត។
លោក វ៉ាត់ ចំរើន ឧត្តមគ្រូគុនសៅលីញបានសម្រេចចូលរួមប្រកួតជាមួយកម្ពុជា និងដឹកនាំកីឡាករចំនួន៤នាក់ទៀត មកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត ដោយលោកមានការត្រេកអរយ៉ាងខ្លាំង ព្រោះនេះជាលើកដំបូងហើយដែលក្រុមកីឡាករគុនសៅលីញចេញមកប្រកួតនៅប្រទេសកម្ពុជា។
លោក វ៉ាត់ ចំរើន បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនធ្លាប់ឃើញតែឃើញក្បាច់គុនសៅលីញនៅតាមវីដេអូ ឬនៅតាមភាពយន្តជាដើម ប៉ុន្តែនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតនាពេលខាងមុខនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនឹងបានឃើញផ្ទាល់ភ្នែកក្នុងការប្រកួតជាមួយក្បាច់គុនបុរាណខ្មែរជាក់ជាមិនខាន។
លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកស្នេហាវិស័យកីឡា សូមចូលរួមទស្សនាប្រកបដោយភាពសប្បាយរីករាយ ក្នុងការប្រកួតគុនបុរាណខ្មែរទល់នឹងគុនបុរាណចិន ដែលសុទ្ធតែមានភាពល្បីល្បាញដូចគ្នា។
អគ្គលេខាធិការជាតិ NOCC បានបន្តថា ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ក្រៅពីការប្រកួតក្បាច់គុនខាងលើ ក៏មានសកម្មភាពកីឡាជាច្រើនទៀត ដូចជា
ប្រភេទកីឡាទំនើប ឬកីឡាមហាជន មានដូចជាកីឡារត់ប្រណាំងកម្សាន្តមានរយៈចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ត្រ ដោយបានត្រៀមអ្នកចូលរួមរត់ប្រមាណជិត ២ពាន់នាក់។ កីឡាជិះកង់កម្សាន្ត ដែលមានការត្រៀមសិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ ឱ្យចូលរួមប្រកួតជាមួយកីឡាករជំនាញក្នុងសហព័ន្ធកីឡាប្រណាំងកង់។
ប្រភេទកីឡាប្រពៃណី មានដូចជាការសម្ដែងគុនល្បក្កតោនៅលើឆាកជូនគណៈអធិបតី នាពិធីបើកពិធីបុណ្យសមុទ្រជាផ្លូវមួយទៀត និងមានការសម្ដែងនៅក្រៅឆាកផ្សេងទៀត។ កីឡាកីឡាអុកចក្ត្រង្គ ដែលប្រកួតយកជយលាភីលេខ១ និងលេខ២ ខណៈការជម្រុះជាបន្តបន្ទាប់នោះ ត្រូវបានធ្វើរួចមកហើយនៅរាជធានីភ្នំពេញ ដែលនៅសល់ប្រមាណ ១០នាក់។
ក្រៅពីនោះ មានកីឡាលើកទម្ងន់ ឬកីឡាស្វែងរកបុរសខ្លាំង ដែលចូលរួមប្រកួតដោយអ្នកហាត់តាមក្លឹបសាច់ដុំមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពត ដែលមានការលើករ៉ឺម៉កកង់បី ឬ PasApp។ កីឡាប្រភេទនេះត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អះអាងថាជាកីឡាថ្មីមួយ ត្រូវបានដាក់ឱ្យមានការប្រកួតក្នុងពិធីបុណ្យសមុទ្រ។
លោកបានបន្ដថា ក៏មានកីឡាប្រណាំងម៉ូតូទឹកអន្តរជាតិនៅតាមព្រែកកំពង់បាយ ពោលគឺមុខសាលាខេត្តកំពត ដែលជាការប្រកួតមិត្តភាពជាមួយកីឡាករបរទេសមកពីប្រទេសឥណ្ឌូនេស៊ី ចិន ថៃ អារ៉ាប់ និងប្រទេសមួយចំនួនទៀត។
មិនតែប៉ុណ្ណោះ ក៏មានការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ ដណ្ដើមខ្សែក្រវាត់ពិភពលោកក្នុងកម្រិតពាក់កណ្ដាលអាជីព ដែលមានការចូលរួមពីក្រុមកីឡាករ៣ប្រភេទ រួមមាន៖ អ្នកស្ម័គ្រចិត្ត អ្នកពាក់កណ្ដាលអាជីព និងអ្នកប្រដាល់អាជីព ហើយចំពោះប្រភេទអាជីពនេះក៏មានការចូលរួមពីកីឡាករល្បីៗ ដូចជាកីឡាករ រឿង សោភ័ណ និងកីឡាករបរទេសជាច្រើនទៀត។
ក្រៅពីនេះ ក៏មានការប្រកួតយុទ្ធគុនបុរាណរបស់ក្រុមកីឡាករឥណ្ឌាផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យសកម្មភាពកីឡាក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ កាន់តែប្រកបដោយភាពចម្រុះ ផ្ដល់នូវភាពសប្បាយរីរាយជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ត្រូវបានអះអាងធានារួចមកហើយដែរ៕