ចាប់ខ្លួនអតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសនិងបក្ខពួក បញ្ជូនទៅតុលាការ ពីបទ ក្លែងបន្លំ
ភ្នំពេញ ៖ អតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេស ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ចាប់ខ្លួនអតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេស ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងបក្ខពួក កាលពីព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ពាក់ព័ន្ធនឹងសំណុំរឿងពីបទ ក្លែងបន្លំតាមពាក្យបណ្តឹងរបស់ឈ្មោះ គាន គឹមលាង ។
លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងដីកាបញ្ជាឲ្យចូលខ្លួនថា ឈ្មោះ ចាន់ វិទូ ភេទប្រុស មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ E0 ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង ឲ្យបានមុនថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ក្លែងបន្លំ តាមបណ្តឹងរបស់ឈ្មោះ គាន គឹមលាង។ ក៏ប៉ុន្តែដោយសារជនសង្ស័យរូបនេះមានបំណងចង់គេចវេសចំពោះដីកានោះ ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមុនការកំណត់តែម្តង ។
ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ទួង សីហា ភេទប្រុស មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៥៩អាស់ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចខ្លួនផងដែរ។
សមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនលោកព្រះរាជអាជ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់៕