បញ្ជូនថៅកែស្ថានីយ៍ប្រេងPTT នៅក្បែររង្វង់មូលគួរស្រូវទៅតុលាការក្រោយផ្ទុះហិង្សាលើគ្រូបង្រៀនម្នាក់
(ភ្នំពេញ)៖នៅវេលាម៉ោង៣រសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបញ្ជូនលោកសារុនវិធុរ៉ាក់ថៅកែស្ថានីយ៍ប្រេងPTT នៅជិតរង្វង់មូលគួស្រូវខណ្ឌដង្កោទៅសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គមFacebook។
គួរជម្រាបថាថៅកែស្ថានីយ៍ប្រេងPTT ឈ្មោះសារុនវិធុរ៉ាក់ជាកូនរបស់លោកចាន់សារុនតំណាងរាស្ដ្រមណ្ឌលតាកែវត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅរសៀលនេះតាមដីកាចាត់តាំងតំណាងអយ្យការរបស់លោកកែវសុធាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធអំពើហិង្សានេះ។ដោយឡែកគ្រូបង្រៀនដែលជាជនរងគ្រោះនោះក៏ត្រូវបានតំណាងអយ្យការចេញដីកាកោះហៅឲ្យខ្លួនដូចគ្នាហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវមកតុលាការផងដែរ។
សូមបញ្ជាក់ថាលោកសារុនវិធុរ៉ាក់ត្រូវជាកូនប្រុសលោកចាន់សារុនអតីតរដ្ឋមន្ដ្រីក្រសួងកសិកម្មនិងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវនិងបក្ខពួកបានរងការចោទប្រកាន់ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើលោកអ៉ឹមសិរីរដ្ឋជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ខែធ្នូកន្លងទៅនៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួនដោយពួកគេចោទថាគ្រូបង្រៀនរូបនេះបានចូលទៅអុកឡុកនិងចូលក្នុងបន្ទប់ទឹកស្រីលួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។
លោកសារុនវិធុរ៉ាក់ថែមទាំងបង្ហោះវីដេអូនិងរូបភាពលើកមេដៃជាមួយរូបគ្រូបង្រៀនដោយចងដៃទៅក្រោយនិងចាប់បោចសក់នៅលើបណ្ដាញសង្គមFacebook ទៀតផងដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ។
សម្រាប់ករណីនេះក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេងPTT លោកសារុនវិធុរ៉ាក់ថាខុសទាំងស្រុងដោយសារខ្លួនមិនមែនជាមន្រ្តីសមត្ថកិច្ចហើយទៅចាប់ចងនិងបញ្ជាឲ្យកូនចៅវាយយ៉ាងដូច្នេះទេនោះវាក្លាយជាបទល្មើសព្រហ្មទណ្ឌហើយដែលតំណាងអយ្យការតំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹងបានបើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ៕