ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តប៉ៃលិន ចេញដីកាឃុំខ្លួនយុវជនម្នាក់ ដែលប្រើអំពើហិង្សា លើតារាចម្រៀង នាយចឺម

56

 

យុវជនម្នាក់ដែលប្រើប្រាស់អំពើហិង្សា លើតារាចម្រៀងនាយចឺម ត្រូវបានតុលាការខេត្តប៉ៃលិន ចេញដីកាបង្គាប់ ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោក តាន់ គឹមហៀក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ។

 

ជនត្រូវចោទង៉ែត លីទី ដែលត្រូវសម្រេចឲ្យឃុំខ្លួននេះ ត្រូវដាក់ក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២១៨ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

 

លោកហេង ឡុង បានថ្លែងថា ព័ត៌មានចុងក្រោយសម្រាប់ថ្ងៃទី 20 ខែធ្នូ 2019មុននេះបន្តិច ខ្ញុំបាទបានទទួលដីកាឃុំខ្លួន ពីតុលាការខេត្តប៉ៃលិនហើយ។  សូមជួយស៊ែរ ចែករំលែកអបអរសាទរ នាយចឺមទទួលបានយុត្តិធម៌ហើយ។

 

លោកបន្តថា សូមគោរពថ្លែងអំណរគុណដល់ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកស្នងការខេត្ត និងក្រុមការងារទាំងអស់ ដែលបានប្រឹងប្រែង ដោយមានចំណាត់ការទាន់ពេលវេលា និងបានផ្ដល់យុត្តិធម៌ ជូនជនរងគ្រោះនាយចឹម។ សង្ឃឹមថា តុលាការនឹង ចេញដីការឃុំខ្លួនឆាប់ៗនេះ ដូចករណីកើត អំពើហិង្សាលើអ្នកនាង ចាន់ លក្ខិណា ហៅ ស្រីពេជ្រ នៅឯខេត្តកំពង់ចាមដែរ។

 

គួរជម្រាបថា តារាចម្រៀងនាយចឺម ត្រូវបានយុវជនម្នាក់ ប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យរងរបួសត្រូវក្បាល និងដងខ្លួន នៅខេត្តប៉ៃលិន ហើយត្រូវបានគេបង្ហោះ ចែកចាយវីដេអូពេញ ក្នុងបណ្ដាញសង្គម Facebook។ ខណៈមូលហេតុយ៉ាងណានោះ មិនទាន់មានសមត្ថកិច្ចណា បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ ប៉ុន្ដែព័ត៌មានដែលចែកចាយនោះ អះអាងថា ពាក់ព័ន្ធរឿង ស្នេហាត្រីកោណ៕

អត្ថបទដែលជាប់ទាក់ទង