លោកWilliam Guang បានស្រាវជ្រាវឃើញ ភាពមិនប្រក្រតី ក្នុងដំណើរការនីតិវិធីប្រឡងចូលជាសិស្សចៅក្រម ជំនាន់ទី១០
ភ្នំពេញ៖ លោកWilliam Guang សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានស្រាវជ្រាវឃើញភាពមិនប្រក្រតីក្នុងដំណើរការនីតិវិធីប្រឡងចូលជាសិស្សចៅក្រម ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាកា ហើយចូលរួមសង្កេតការដោយអង្គភាពប្រឆាំងអំពើពុករលួយ ។
លោកWilliam Guang បានសរសេររៀបរាប់នៅហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២១ខែធ្នូនេះថា ១៖ ពាក្យសុំចូលប្រជែងសិស្សចៅក្រមជំនាន់ទី១០ បានបញ្ជាក់ពីការភ្ជាប់ បរិញ្ញាប័ត្រច្បាប់ ដែលចុះហត្ថលេខា នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ តែការពិត កញ្ញា សយយូសុមនា ទើបបានប្រឡងនៅសម័យប្រលងបរិញ្ញាប័ត្រថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៩ នេះទេ ដូចនេះកាលដាក់ពាក្យសុំចូលប្រជែងសិស្សចៅក្រម តើកញ្ញាបានបរិញ្ញាប័ត្រពីណាទៅភ្ជាប់ជាមួយពាក្យសុំ ? (ឬមានការជ្រោមជ្រែងណាមួយ ? ប្រភពឯកសា គេហទំព័រហ្វេសបុករបស់ ACU)
លោកបន្តថា យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ខ្ញុំបានទទួលសេចក្ដីបំភ្លឺមួយរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបាន បកស្រាយ ហើយអះអាងថា អង្គភាពនឹងក្រសួងពាក់ព័ន្ធ បានបំពេញការងារនេះបានត្រឹមត្រូវ តែយ៉ាងណាមិញ ចំពោះភាពមិនប្រក្រតី ក្នុនីតិវីធីដាក់ពាក្យសុំចូលប្រឡងប្រជែងសិស្សចៅក្រមនេះ គឺមានឯកសាគតិយុត្តិជាភស្តុតាងស្រាប់ ។
លោកបញ្ជាក់ថា “ខ្ញុំសូមសម្តែងការសោកស្ដាយ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលមិនបានពិនិត្យគ្រប់ជ្រុងជ្រោយ ចំពោះបញ្ហានេះ នឹងចេញសេចក្ដីប្រកាសព័ត៌មានដោយខ្វះចន្លោះ ។ ខ្ញុំសង្ឃឹមថា នឹងមានការពិនិត្យជាថ្មីចំពោះករណីនេះ ព្រោះពលរដ្ឋកម្ពុជា កំពុងទទូចសុំឲ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះបើគ្រាន់តែនីតិវិធីសុំប្រឡងប្រជែងសិស្សចៅក្រមមាននីតិវិធីបន្លប់ បន្លំយ៉ាងនេះ តើចៅក្រម កន្លងមកដែលបានចេញធ្វើការ ពលរដ្ឋអាចទុកចិត្តបានឬទេ”។
សូមបញ្ជាក់ថា លោក William Guang ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានសរសេរសារនៅលើហ្វេសប៊ុកថា អាយុ ២០ឆ្នាំប្រឡងជាប់ថ្នាក់ប្រជែងសិស្សចៅក្រម ។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយនៃអង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបវិញថា
តាំងពីពេលសង្កេតការណ៍ប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី ១០ ក៏ដូចក្នុងពេលនេះដែលយើង
ធ្វើការចែកពិនិត្យឡើងវិញ ក្រោយមានការចុះផ្សាយដូចពោលខាងដើម នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃអង្គភាព
ប្រឆាំងអំពើពុករលួយ នៅតែឃើញថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ ពិតជាបានដំណើរការ
ជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ បានត្រឹមត្រូវ ទាំងលក្ខខណ្ឌសមត្ថភាព លក្ខខណ្ឌអាយុ ។
លោក William Guang បានលើកឡើងថា អាយុ ២០ឆ្នាំប្រឡងជាប់ថ្នាក់ប្រជែងសិស្សចៅក្រម ដូចនេះបានន័យថា អាយុ១៦ឆ្នាំរៀនបរិញ្ញាប័ត្រ អាយុ១៥ឆ្នាំចប់បាក់ឌុប ពិតជាខ្លាំងមែន ចូលរៀនអាយុ៣ឆ្នាំ ពិតជាមិនគួរឲ្យជឿ ?។
លោកបន្តថាថ ស្តង់ដារនៅបណ្ដាប្រទេសជឿនលឿន នឹងអឺរ៉ុប សិស្សចៅក្រម មុននឹងប្រឡងចូលត្រូវឆ្លងកាត់ឧត្តមសិក្សាច្បាប់ អនុបណ្ឌិតចិត្តវិទ្យា ទស្សនវិជ្ជា ។ ឯកុមារីម្នាក់អាយុ២០ រៀនសិស្សចៅក្រម ឆ្លងកាត់តែ២ឆ្នាំ អាយុ២២ អាចនឹងក្លាយជាចៅក្រម ដោយយថាហេតុឬខ្សែស្រលាយ ។ តើយើងចង់បានចៅក្រមអាយុ២២មែនទេ ។ ទស្សននៃការអប់រំចិត្ត នឹងឆ្លងកាត់បទពិសោធន៍ជីវិតនៅខ្លីណាស់ ស្ទើរតែមិនទាន់អាចប្រកបវិជ្ជាជីវៈជាអ្នកកាត់ក្ដីបាននោះទេ ។ នេះជាអ្វីដែលខ្ញុំចង់និយាយ ។
លោកបានបន្ថែមទៀតថា កម្ពុជាបច្ចុប្បន្នត្រូវការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជាចាំបាច់ ដោយរំពឹងថា ព្រះរាជអាជ្ញា ចោទដោយទំនួលខុសត្រូវ ចៅក្រមស៊ើបសួរ ចេញការអនុម័តដោយឈរលើមូលដ្ឋានស៊ើបអង្កេតត្រឹមត្រូវ ហើយចៅក្រមធ្វើការកាត់សេចក្ដី ដោយចៀសផុតពីអគតិទាំង៤ ដោយឈរលើមូលដ្ឋានច្បាប់ជាធរមាន មិនមែនឈរលើមូលដ្ឋានលុយនោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២០ខែធ្នូនេះ បានបញ្ជាក់ថា ទោះបីអ្នកស្រី អ៊ូ ស៊ីថា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ កំពុងតែជាប់បេសកកម្មនៅឯមជ្ឈឹមបូព៌ា អារាប់រួម ក៏ដោយ ក៏អ្នកស្រីប្រញាប់ប្រញាល់ ផ្ទៀងផ្ទាត់មើលទៅលើឯកសារចាស់ ពេលដែលបានចូលសង្កេតការណ៍ ការប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី ១០ ហើយធ្វើការឆែកផ្ទៀងផ្ទាត់ឡើងវិញ ក្រោយពី Facebook របស់លោក William Guang បានផ្សាយចោទប្រកាន់។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបញ្ជាក់អំពីការបង្ហោះផ្សាយព័ត៌មាន តាមទំព័របណ្តាញសង្គមហ្វេសប៊ុក William Guang ពាក់ព័ន្ធ
បេក្ខជនអាយុ ២០ ឆ្នាំ ប្រឡងជាប់ចៅក្រម។
នាយកដ្ឋានអប់ បង្ការ និងទប់ស្កាត់អំពើពុករលួយ (អ.ប.ទ.) នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)
មានកិត្តិយសជម្រាបជូន ដល់សាធារណជនមេត្តាជ្រាបថា ក្រុមការងារ អ.ប.ព. ចំនួន ៤៤ រូប បានទៅសង្កេតការ ដំណើរ
ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ នៃជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា
ឆ្នាំ២០១៩ ដែលជ្រើសរើសសិស្សចៅក្រមចំនួន ៥០ រូប ក្នុងចំណោមបេក្ខជនមានសិទ្ធិប្រឡង ៦៥០ រូប ។
នាយកដ្ឋាន អ.ប.ទ, សូមបញ្ជាក់ជូនថា ព័ត៌មានចុះផ្សាយដោយទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក
William Guang កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារ អាយុ ២០ឆ្នាំប្រឡងជាប់ចៅក្រម បានន័យថាអាយុ១៥
ឆ្នាំជាប់រិញ្ញាប័ត្រ ហើយអាយុ ១១ ឆ្នាំចប់បាក់ឌុប ដូចនេះគាត់ចូលរៀនថ្នាក់បឋមសិក្សាតាំងពីនៅក្នុងពោះម្លេះ ពិតជា ខ្លាំងមែន ចៅក្រមក្មេងយ៉ាងហ្នឹង ស៊ីញ៉េ ឃុំ ស៊ីញ៉េឃុំ” ដែលបានផ្សាយព័ត៌មានថា បេក្ខនារី សយ យូសុមនា កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ ប្រឡងជាប់ជាចៅក្រម តាំងពីអាយុ ២០ ឆ្នាំ ។ នាយកដ្ឋាន អ.ប.ទ សូមធ្វើការបំភ្លឺការពិត ដូចតទៅ៖
1. នេះមិនមែនជាការប្រឡងប្រជែងចូលធ្វើជាចៅក្រមភ្លាមទេ ។ នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម(ជំនាន់ទី ១0) ចំនួន ៥០ រូប។ បេក្ខជនដែលប្រឡងជាប់ទាំង ៥០ រូបនេះ ទាំងបេក្ខជន សយ យូសុមនា (ភេទស្រី អាយុ ២០ឆ្នាំ ៧ខែ ៧ថ្ងៃ គិតត្រឹមថ្ងៃឈប់ទទួលពាក្យប្រឡង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩) ត្រូវការពេល២ ឆ្នាំទៀត ដើម្បីរៀនថ្នាក់ធ្វើជាចៅក្រម ហើយទាល់តែប្រឡងចេញធ្វើចៅក្រមបានជាប់ទៀត ទើបអាចចេញធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី ១០ សម័យប្រឡង ២៣-២៤ វិច្ឆិកា ២០១៩ នេះជាប់ ហើយចេញធ្វើជាចៅក្រមភ្លាមទេ។
2. អំពីអាយុ និងប្រវត្តិការសិក្សារបស់បេក្ខជន សយ យូសុមនា !
តាមការស្រាវជ្រាវពីគ្រួសារ និងពីស្ថាប័នសិក្សានានា ដែលបេក្ខជននេះបានឆ្លងកាត់ ឃើញថា៖ (ក)- សយ យូសុមនា កើតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ ហើយបានចូលរៀនថ្នាក់ដំបូង នៃសាលាបឋមសិក្សានៅអាយុជាង ៤ ឆ្នាំ។ នៅពេលនោះគ្រូបានប្រាប់ថា ការចូលរៀននៅក្មេងពេក អាចពេលប្រឡងឌីផ្លូមគេមិនអនុញ្ញាតឱ្យប្រឡងទេ។ ប៉ុន្តែនៅពេលរៀនសូត្រ កុមារីនេះ មានសមត្ថភាពខ្ពស់ រៀនសូត្របានពូកែហើយពេលប្រឡងឌីផ្លូមក្តី ប្រឡងបាក់ឌុបក្តី មិនមានឧបសគ្គរារាំងមិនឱ្យប្រឡងដែរ ។ លំដាប់
ពិន្ធសរ
ុបពេលប្រឡងបាក់ឌុបឆ្នាំ២០១៥ គឺ ៩១.៥០៦ នៅពេលដែលមានអាយុ១៦ឆ្នាំ៦ខែ១ថ្ងៃ។ រយៈពេលសិក្សាសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ មានរយៈពេល ១២ ឆ្នាំ សយ យូសុមនា មិនមានរៀនផ្លោះថ្នាក់ទេ។ សម្រាប់ការសិក្សា ៤ ឆ្នាំ នៅមហាវិទ្យាល័យច្បាប់ និស្សិត សយ យូសុមនា សិក្សាជាប់លាប់ ជាមួយពិន្ទុខ្ពស់ៗ ផងដែរ រហូតជាប់បរិញ្ញាបត្រ ជាមួយលទ្ធផលសិក្សាល្អ Very Good។ (ខ)-ប្រៀបទៅនឹងលក្ខខណ្ឌរដ្ឋ តាមរយៈប្រកាស ស្តីពីការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់ច្បាស់ថា នេះជាការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម មិនមែនរើសចៅក្រមទេ។ ពិនិត្យលើចំណុចប្រការ ៣ ដែលចែង
ពីបែបបទ និងលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើស កំណត់ថា បេក្ខជនទាំង ២ ភេទ ត្រូវមាន (ក)សញ្ជាតិខ្មែរពីកំណើត (ខ)អាយុ ៣៥ ឆ្នាំយ៉ាងច្រើន (មិនមែនមានអាយុ ៣៥ ឆ្នាំទើបឲ្យចូលប្រឡងបានទេ) ចំពោះបេក្ខជនជានិស្សិត (គ).សញ្ញាបត្របរិញ្ញាបត្រច្បាប់ឡើងទៅ (ឃ).លិខិតថ្កោលទោសចេញពីក្រសួងយុត្តិធម៌ (ង).លិខិតបញ្ជាក់សុខភាពចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឃើញថា ឈ្មោះក្នុងបញ្ជីដែលអនុញ្ញាត ឱ្យចូលប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ ដែលបេក្ខនារី សយ យសុមនា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់។
(គ)កន្លងមក លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ធ្លាប់បានទទួលស្គាល់ ហើយអនុវត្តឱ្យសិស្ស ប៊ី បាន់លក្សី បានរៀននៅថ្នាក់ទី ៤ (ឆ្នាំសិក្សា ២០១៧-២០១៨) សាលាបឋមសិក្សាតានួន ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ក្នុងករណីកុមារីនេះ ទើបតែមានអាយុ ៥ ឆ្នាំ អាស្រ័យលក្ខណៈពិសេស (រៀនពូកែ..) និងគោលបំណងរបស់សិស្ស (ឯកសារ លិខិតលេខ ២១៩៤ អយក.អពស ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ)។
(ឃ)- បើតាមកាលបរិច្ឆេទទាំងនេះ ប្រសិនបើបេក្ខជន សយ យូសុមនា ឆ្លងកាត់បានដោយជោគជ័យ ការរៀនសូត្រវិជ្ជាជីវៈតុលាការ រយៈពេល ២ ឆ្នាំ ហើយប្រឡងជាប់ធ្វើជាចៅក្រមក្តី ព្រះរាជអាជ្ញាក្តី នៅក្នុងអាយុប្រមាណជិត ២៣ ឆ្នាំ ក៏មិនត្រូវបានហាមឃាត់ដោយច្បាប់ដែរ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រី ហ្វាំងឡង់ ក៏ទើបតែមានអាយុ ៣៤ ឆ្នាំ។ នៅឥណ្ឌា ចៅក្រមប្រុសម្នាក់ ក៏មានអាយុ ២១ ឆ្នាំ (លោក Mayank)ហើយនៅសហរដ្ឋអាមេរិក កញ្ញា Jasmine ក៏ជាចៅក្រមដែលមានអាយុ ២៥ ឆ្នាំដែរ។
នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃអង្គភាព បានបញ្ជាក់ជាចុងក្រោយថា ជារួម តាំងពីពេលសង្កេតការណ៍ ប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី ១០ ក៏ដូចក្នុងពេលនេះដែលយើងធ្វើការចែកពិនិត្យឡើងវិញ ក្រោយមានការចុះផ្សាយដូចពោលខាងដើម នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅតែឃើញថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ ពិតជាបានដំណើរការជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ បានត្រឹមត្រូវ ទាំងលក្ខខណ្ឌសមត្ថភាព លក្ខខណ្ឌអាយុ និងទាំងលក្ខខណ្ឌផ្សេងៗទៀតដែលច្បាប់បានកំណត់៕