ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជំនាញ ទប់ទល់នឹងការហូរច្រោះ ទំនប់សណ្តរស្ទឹងព្រែកត្នោត

153

ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងការហូរច្រោះ ទំនប់សណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការផ្សាយ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទំនប់សណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធានាសុវត្ថិភាព ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកម្លាំង ទប់ទល់នឹងការហូរច្រោះទំនប់សណ្តរស្ទឹងយ៉ាងមានប្រសិទ្ធភាព ។

សូមបញ្ជាក់ផងដែរថា ការហូរច្រោះ (រន្ធនាគ) នេះ គឺបានពិនិត្យតាំងពីថ្ងៃម្សិលមិញម្ល៉េះ ប៉ុន្តែដោយសារវានៅជ្រៅពេក (បាតទំនប់) ទើបការអន្តរាគមន៍កន្លងមកនេះ គឺគ្រាន់តែទប់ទល់ ដើម្បីការពារកុំឱ្យការហូរច្រោះរីករាលដាលកាន់តែធំឡើង ធ្វើឱ្យទឹកលិចចូលភូមិឋានប្រជាពលរដ្ឋ ។ មកដល់ពេលនេះ ស្ថានភាពមានលក្ខណៈកាន់តែប្រសើរ ដោយទឹកហូរកាន់តែតិច ។ ជារួមការហូរច្រោះនេះ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងផុតពីការបារម្ភហើយ ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល ខេត្តកោះកុង នៅផ្នែកខាងលើ (ភូមិបាក់អង្រុត ឃុំដងពែង) បានស្រកចុះមកប្រក្រតីភាពស្ទើរទាំងស្រុងហើយ ។ ដោយឡែកនៅផ្នែកខាងក្រោម (ទីប្រជុំជនផ្សារក្រោម ឃុំស្រែអំបិល) ទឹកបានបន្តស្រកចុះ ០,២ ម៉ែត្រ បន្ថែមទៀត ពោលគឺបានស្រកផុតទីប្រជុំជនហើយ ។

ស្ថានភាពទឹកជំនន់ នៅខេត្តកំពត ៖ មកដល់ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកកំពង់បាយ ក៏ដូចជានៅតាមបណ្តាព្រែក និងស្ទឹងនានានៅក្នុងខេត្តកំពត បានស្រកចុះមកធម្មតាវិញហើយ ។ ឯស្ថានភាពអាកាសធាតុ ក៏មានការធូរស្រាលច្រើន ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់ហ្លួង៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ និងកម្រិតបរិមាណទឹកភ្លៀង ដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ២១ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ៖

    

អត្ថបទដែលជាប់ទាក់ទង