ភាពសម្បូរបែប នៃធនធានធម្មជាតិ និងវប្បធម៌នៅ តាមឆ្នេរសមុទ្រ-កោះនានា ជាឧត្តមភាពប្រកួតប្រជែង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍
(កំពត)៖ ក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមឆ្នេរសមុទ្រ និងកោះនានា គឺជាឧត្តមភាពប្រកួតប្រជែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានធ្វើឲ្យតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងទទួលស្វាគមន៍កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ព្រឹត្តិការណ៍បុណ្យសមុទ្រនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពហុកីឡដ្ឋានខេត្តកំពត នារាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។ ពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានថ្លែងថាយ៉ាងដូច្នេះថា «ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមបណ្តាឆ្នេរសមុទ្រ និងកោះនានា គឺជាឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានធ្វើឲ្យតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងទទួលស្វាគមន៍កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ»។
ជាក់ស្តែង ពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើងស្របពេលដែលខេត្តកំពតកំពុងទទួលបានការអភិវឌ្ឍថ្មីៗ ពិសេសគម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍថ្មីៗក្នុងវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ តំបន់ឆ្នេរនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១.៣លាននាក់ កើនឡើង ៤.៥% ជាមួយចំណែកទីផ្សារប្រមាណ ១៥% នៃទីផ្សារសរុប និងទេសចរជាតិប្រមាណ ៣.៤លាននាក់ កើនឡើង ៣% ខណៈដែលខេត្តកំពតនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៨ម៉ឺននាក់ កើនឡើង ៨% និងទេសចរជាតិប្រមាណ ៣០ម៉ឺននាក់ កើនឡើង ៤០%។
តាមការព្យាករណ៍នៅឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣.៥លាននាក់ ហើយនៅឆ្នាំ២០៣០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ ក្នុងកំណើនជាមធ្យម ១០% និងភ្ញៀវទេសចរជាតិប្រមាណ ៥.៥លាននាក់ កើនឡើងជាមធ្យម ៥%។
ប្រការគួរឲ្យកត់សម្គាល់ និងជាទីមោទនៈ ការរៀបចំពិធីបុណ្យសមុទ្រពីមួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមកាន់តែផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕