ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមនិស្សិតនៃអន្តេរវាសិកដ្ឋាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩

66

 

ភ្នំពេញ ៖ ក្រុមនិស្សិតស្នាក់នៅអន្តេរវាសិកដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ឈាមនៃក្តីសង្ឃឹម» ដោយមានការជ្រោមជ្រែងពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

កម្មវិធីបរិច្ចាគឈាមរបស់និស្សិតនៃអន្តេរវាសិកដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩ នេះ ប្រារព្វធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណង ៣សំខាន់ ទីមួយដើម្បីតបស្នងចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ផ្តល់នូវទីកន្លែងស្នាក់នៅដល់និស្សិតក្រីក្រមកពីតាមបណ្ដាខេត្តនានា ទីពីរគឺជាការចូលរួមមួយផ្នែកតូចនៃកិច្ចការប្រមូលឈាមជួយដល់ជនរងគ្រោះទាំងឡាយនៅក្នុងសង្គម និងទីបីគឺជាការបណ្ដុះនូវស្មារតីចែករំលែកក្នុងសន្តានចិត្តនិស្សិត ក៏ដូចជាប្រជាពលរដ្ឋទូទៅជាមួយនឹងមិត្តភក្តិ ជាមួយនឹងអ្នកដទៃ ឬជាមួយសង្គមជាតិតែម្ដង។

លោក សំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកទឹកចិត្តយុវជនទាំងអស់ឱ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលមានតម្រូវការឈាមជាចាំបាច់ ម្យ៉ាងទៀតការបរិច្ចាគឈាមនេះពុំមានប៉ះពាល់អ្វីដល់សុខភាពបងប្អូននោះឡើយ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏បានលើកឡើងនូវអត្ថប្រយោជន៍ជាច្រើនរបស់អ្នកផ្តល់ឈាម ដែលក្នុងនោះអ្នកផ្តល់ឈាមនឹងទទួលបាននូវការពិនិត្យតាមដានសុខភាពដោយឥតគិតថ្លៃរាល់ពេលបរិច្ចាគម្ដងៗ កាត់បន្ថយបាននូវហានិភ័យនៃជំងឺមហារីក កាត់បន្ថយបាននូវហានិភ័យនៃជំងឺឈាមបុកដាច់សរសៃឈាមខួរក្បាល កាត់បន្ថយបាននូវការកើនឡើងនៃជាតិខ្លាញ់ក្នុងឈាម និងអាចជួយសម្រួលការងាររបស់កោសិកាសថែមទៀតផង ដូច្នេះយុវជនទាំងអស់គ្នាមិនគួរខ្លាចរអាចំពោះការបរិច្ចាគឈាមឡើយ។

គួរបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះគឺជាឆ្នាំទី១ ហើយ ដែលក្រុមនិស្សិតស្នាក់នៅអន្តេរវាសិកដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមរៀបចំឡើង ដែលមាននិស្សិតចូលរួមប្រមាណជា ២០០នាក់ ហើយសកម្មភាពនេះ នឹងរៀបចំជារៀងរាល់ឆ្នាំ ដើម្បីបរិច្ចាគឈាម ផ្តល់នូវសេចក្តីសុខសម្រាប់មនុស្សគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង