ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យសមុទ្រខេត្តកំពត បញ្ចប់ប្រកបដោយ ភាពជោគជ័យ

81

 

កំពត៖ រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា នារាត្រីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំបុណ្យសមុទ្រលើកទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍​ បុណ្យសមុទ្រនៅខេត្តកំពត ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

បញ្ជាក់ឱ្យដឹងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា រយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ៩០ម៉ឺននាក់។ ក្នុងនោះ សម្រាប់ថ្ងៃដំបូងមានប្រហែល២០ម៉ឺននាក់។ ចំណែកថ្ងៃបន្ទាប់ចំនួនភ្ញៀវបានកើនឡើងរហូតដល់ប្រមាណ៤០ម៉ឺននាក់។ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមានប្រហែល៣០ម៉ឺននាក់។

ថ្លែងក្នុងឱកាសនេះ លោកថោង ខុន បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតពោរពេញដោយ ភាពជោគជ័យសម្រាប់ជាគំរូដល់បណ្តាខេត្តដទៃទៀត។ ភាពជោគជ័យនេះត្រូវបានសម្តេចតេជោ​ ពោលកោតសរសើរ និងគាំទ្រពេញទំហឹង។

លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈពិធីបុណ្យដ៏អធិកអធមនេះ បានធ្វើឱ្យសាធារណជនទូទៅស្គាល់ខេត្តកំពត កាន់តែច្បាស់ ពិសេសជ្រួតជ្រាបអំពីសក្តានុពល ដែលមានទាំងប៉ុន្មានក្នុងខេត្ត ដូចជាការនាំយកផលិតផលដែលខេត្តដទៃ មិនអាចធ្វើបានមកដាក់តាំងបង្ហាញឱ្យភ្ញៀវ បានឃើញបានស្គាល់នូវរសជាតិដោយផ្ទាល់៕

 

អត្ថបទដែលជាប់ទាក់ទង