វាយតប់គ្នារវាងមនុស្ស២ក្រុម មានគ្នាច្រើននាក់ បណ្តាលឲ្យស្លាប់ម្នាក់
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ដេញវាយទៅលើជនរងគ្រោះមួយក្រុមទៀត បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ រួចក្រុមជនសង្ស័យបានដោះយកខ្សែកទម្ងន់១ដំឡឹង និងចិញ្ចៀនផ្លាកទីន៥ជី របស់ជនរងគ្រោះ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមនុស្សបីនាក់ ដែលសង្ស័យជាបក្ខពួកជនល្មើសយកទៅសាកសួរ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ខាងក្រោយ ក្លឹបហ្គោល “ឡាញ” សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គីម ឈុនលី អាយុ២៩ឆ្នាំ មុខរបរ អ្នកដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល មានប្រពន្ធមានឈ្មោះ ជា ដាលីន អាយុ២១ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ កម្លាំងជំនាញ បានធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ មានស្នាបបែកក្បាលផ្នែកខាងក្រោយ និងសៀតផ្កា ដែលជនសង្ស័យ វាយនឹងដុំថ្មពិតប្រាដកមែន។
មុនពេលកើតហេតុ គេឃើញបក្ខពួកជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ និងជនរងគ្រោះមានគ្នា ប្រមាណជា៨នាក់ បានឈ្លោះប្រកែកគ្នា នៅក្នុងក្លឹបហ្គោល “ឡាញ” ដោយមិនដឹងថាមានរឿងអ្វីនោះទេ បន្ទាប់មកកើតជាជម្លោះ រវាងជនសង្ស័យ និងជនរងគ្រោះ រួចកើតជាហិង្សាវាយគ្នា ដោយក្រុមជនសង្ស័យ បានដេញវាយក្រុមជនរងគ្រោះ ដល់កន្លែងកើតហេតុខាងលើ បណ្ដាលឲ្យស្លាប់ម្នាក់ ហើយក្រុមជនសង្ស័យ បានដោះយកខ្សែករបស់ជនរងគ្រោះ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា គ្រឿងអលង្ការដែលនៅជាប់នឹងខ្លួនប្ដីរបស់គាត់ ដែលបាត់នោះមាន ខ្សែកមាសមួយដំឡឹង ចិញ្ចៀនផ្លាកទីន៥ជី និងនាឡិកាដៃមួយគ្រឿង។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនមនុស្សបីនាក់ ដែលសង្ស័យជាបក្ខពួករបស់ក្រុមជនដៃដល់ យកទៅសួរនាំ នៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ៕