ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម៖ ប៉ូលិស​មិនអាច​ចាប់​ តែ​គេ​​អាច​ប្តឹង​ទារលុយ ពី​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត មិន​ទៅ​បោះឆ្នោត​

99

 


ខេត្តព្រៃវែង​៖ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា នៅមូលដ្ឋានខេត្តបាត់ដំបង ដាក់ពាក្យប្តឹង​អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ នៅខេត្តបាត់ដំបង និងអតីត​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន ចំនួន៣នាក់ ពីបទ​ញុះញង់​ រារាំង​អ្នកបោះឆ្នោត តាមរយៈយុទ្ធនាការម្រាមដៃស្អាតនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារប្រចាំខេត្តព្រៃវែង និងខេត្តបាត់ដំបង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានប្រកាសថា អាជ្ញាធរ​សមត្ថកិច្ច​ប៉ូលិស មិនអាច​ចាប់​អ្នក​ដែល​ធ្វើ​យុទ្ធនា​ការលើក​ម្រាមដៃ​ស្អាត ដើម្បី​បញ្ជាក់ថា ខ្លួន​មិន​ទៅ​បោះឆ្នោត​នោះទេ​ តែ​គេ​អាច​ប្តឹង​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះ ដើម្បី​ផាកពិន័យជាសាច់ប្រាក់​។​

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅចំពោះមុខសកម្មជនបក្សរបស់ខ្លួនថា “យើងមិនមានច្បាប់ណាមួយ កំណត់​ឲ្យចាប់អ្នកទាំងនោះទេ ហើយម្យ៉ាងទៀត យើងក៏គ្មាន​ពន្ធនាគារឯណា សម្រាប់​ដាក់អ្នកទាំងនោះទេ ប៉ុន្តែយើង​អាច​ប្តឹង​ទារលុយ​ពី ៥លាន ទៅ ២០លានរៀល ដែលច្បាប់ បាន​កំណត់​”។

សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ” ចាប់​ទៅ​យកទៅដាក់​នៅ​កន្លែង​ណា​ឥឡូវ​ហ្នឹង​? បើ​ពន្ធនាគារ វា​ណែន​អស់ហើយ​។ ចាប់​ហើយ វា​គ្មាន​ហេតុផល​នឹង​ចាប់​ទៀត​។ មាន​អ្នកខ្លះ គេ​នាំគ្នា​ធ្វើ​យុទ្ធនាការ​ដៃ​ស្អាត នាំគ្នា​ធ្វើ​ម្តុំ​អីចឹង​ទៅ​។ ពួក​ហ្នឹង​មួយចំនួន បងប្អូន​យើង​ចង់ទៅ​ចាប់​។ តែ​ប៉ូលិស​ទេ សមត្ថកិច្ច​ប៉ូលិស​ទេ​។ ខ្ញុំ​ថា អត់​បានទេ​ មើល​ច្បាប់​ទៅ​ មានតែ​ប្តឹង​ផាក​ទេ​ ៥ ទៅ ២០ លាន​ រួច​បើ​ម្តង​មិន​រាងចាល​ ប្តឹង​ទៀត ៥ ទៅ ២០ លាន​ទៀត​ បើ​នៅតែ​ធ្វើ​ទៀត ប្តឹង ៥ ទៅ ២០ លាន​ទៀត​ អាហ្នឹង​វា​អីចឹង ហើយ​បើ​ទៅ​ចាប់ តើ​មានច្បាប់​ណា​ទៅ​ចាប់​? អត់​ត្រូវ​ទេ​ សម្របសម្រួល​ដោះស្រាយ​គ្នា​ទៅ​។ ដំបូង អ្នក​ត្រូវគេ​ប្តឹង ដែល​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះ ហាក់ដូចជា គំរាម​លើ​អ្នកប្តឹង តែ​ក្រោយពី​លើក​ហេតុផល​ច្បាប់ទម្លាប់​ទៅ ក៏​បែរជា​អង្វរ​យើង​វិញ​។ ដល់​ឥឡូវ​មិនដឹង​ប្តឹង​ដល់​ណា​ដល់​ណី​ទៀត​ទេ សម្តេច​មិនដឹង​ទេ ឲ្យ​ធ្វើតាម​ច្បាប់​ទៅ​ យើង​មិន​ចង់​ធ្វើបាប​នរណា​ទេ គឺថាយើង​កសាង​សេចក្តីសុខ តែ​ម៉ឺងម៉ាត់​ចំពោះ​ច្បាប់​ អីចឹង ដូច​ករណីនេះ​ មិញ​ថា រឿង​ហែប​ក្ស គេ​សួរថា ពី​ណា​ងាប់ អាណា​ងាប់​ហ្នឹង​? អាហ្នឹង​ក៏មាន​ពាក្យបណ្តឹង​ដែរ​ អាហ្នឹង​គេ​ហៅថា យើង​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​”​។

សម្តេចក្រឡាហោម ស ខេង ខាងលើនេះ ​បានធ្វើឡើង បន្ទាប់ពីនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា នៅមូលដ្ឋាន បានដាក់ពាក្យប្តឹង​អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ នៅខេត្តបាត់ដំបង និងអតីត​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន សរុប ៣នាក់ ពីបទ​ញុះញង់​ រារាំង​អ្នកបោះឆ្នោត តាមរយៈយុទ្ធនាការម្រាមដៃស្អាត។ អតីត​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះ បានជួបជុំ​ថតរូប លើកម្រាមដៃស្អាត ដោយ​ប្រកាស​មិន​ទៅ​បោះ​ឆ្នោត ហើយ​បង្ហោះ​រូបថត​នោះ​តាម​ហ្វេសប៊ុក​៕

អត្ថបទដែលជាប់ទាក់ទង