ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នើឱ្យ​មន្ត្រីនគរបាល ​និង​អាណាព្យាបាល ​យកចិត្តទុកដាក់​ ផ្សព្វផ្សាយ​អប់រំ ​ជូន​ដល់​កូនចៅ​និង យុវជន ពី​ផលប៉ះពាល់​ គ្រោះថ្នាក់​ នៃ​គ្រឿងញៀន​

78

 

ភ្នំពេញ ៖លោកស្នងការបញ្ជាក់ថា មិនទុកឲ្យមន្ត្រីណាម្នាក់នៅឯការឡើយ ជាថ្នាក់ដឹកនាំម្នាក់ ដែលតែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ សាកសួរ​សុខ​ដល់​មន្ត្រីនគរបាល ​ដែល​បាន​បំពេញបែបបទ​ចូលនិវត្តន៍ ​អញ្ជើញ​មកពី​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានស្នើ​ឱ្យ​មន្ត្រីនគរបាល​មូលដ្ឋាន និង​អាណា​ព្យ​បាល​ល​ត្រូវ​យកចិត្តទុកដាក់ ​ផ្សព្វផ្សាយ​អប់រំ​ជូន​ដល់​កូនចៅ ​និង​យុវជន ពី​បញ្ហា​ផលប៉ះពាល់​គ្រោះថ្នាក់​នៃ​គ្រឿងញៀន និង​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ខណៈដែល​បញ្ហា​គ្រឿងញៀន​ត្រូវគេ​មើលឃើញថា យុវជន​ជា​មុខសញ្ញា​ដែល​ងាយ​នឹងរង​គ្រោះ និង​ជាពិសេស​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​ បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ និង​ប៉ះពាល់​ធនធានមនុស្ស នាំឱ្យមាន​ការរាំងស្ទះ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។​

ក្នុងឱកាសនោះដែរ លោកស្នងការបានធ្វើការថ្លែងអំណរគុណ ដល់មន្ត្រីទាំងអស់ ដែលបានលះបង់ទាំងកម្លាំងចិត្តកាយ ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនសង្គមជាតិទាំងមូល លោកតែងតែចំណាយពេលចុះសួរសុខទុក្ខ ជាប្រចាំដល់មន្ត្រីដែលមានជំងឺ និងជួបគ្រោះថ្នាក់ផ្សេងៗ ។

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​មានប្រសាសន៍​ទៀតថា ការ​នាំឱ្យ​យុវជន ​ឈានដល់​ការប្រើប្រាស់​គ្រឿងញៀន ដោយសារ​យុវជន​មួយចំនួន​សេពគប់ ​មិត្តភក្តិ​មិនល្អ​បោក​បញ្ឆោត និង​ឱ្យ​ចង់​សាក​គ្រឿងញៀន ។ មួយវិញទៀត​ មានការ​បង្ខំ​ពី​បងធំ​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន ។ ដូច្នេះ បញ្ហា​នេះ​មន្ត្រីនគរបាល និង​អាណាព្យាបាល ​ត្រូវតែ​ខិតខំ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​កូនចៅ និង​យុវជន​យល់ដឹង​បញ្ហា​គ្រឿងញៀន ​ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់ ​ពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ថ្លែង​នូវ​ការដឹងគុណ​ដល់​មន្ត្រីនគរបាល​ដែល​ចូលនិវត្តន៍ និង​បាន​បំពេញបែបបទ​ត្រូវ​ចូលនិវត្តន៍​នៅពេល​ខាងមុខនេះ កន្លងមក​បាន​បំពេញភារកិច្ច​យ៉ាង​ល្អ​ចូលរួម​ក្នុង​កិច្ចការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​បម្រើសេវា​រដ្ឋបាល ​ជូន​ប្រជាពលរដ្ឋ ទោះបី​បងប្អូន​ចូលនិវត្តន៍​ក៏ពិតមែន រាជរដ្ឋាភិបាល​កម្ពុជា ​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង និង​គិតគូរ​ពី​សុខទុក្ខ ​របស់​បងប្អូន​ជានិច្ច ​ដោយ​មិន​បោះបង់ចោល​ឡើយ ។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​សំណ​សំ​ណា​ល​នោះ​ផងដែរ មន្ត្រីនគរបាល​ដែល​បាន​បំពេញបែបបទ​ចូលនិវត្តន៍​មាន​ចំនួន​១៤៩​នាក់ បានការ​ឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន និង​ពិសារ​អាហារ​សាមគ្គី​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង