រដ្ឋបាលខេត្តកែប រកឃើញជនរងគ្រោះចំនួន២៣នាក់ ក្នុងនោះស្លាប់៥នាក់
កែប៖ រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៣នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះស្លាប់៥នាក់ ( ស្រី៣នាក់ ) អ្នកនៅរស់រានមានជីវិត១៨នាក់។
បើតាមការផ្សព្វផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៣នាក់ ហើយដែលក្នុងនោះមានស្លាប់៥នាក់។ មន្ទីរពេទ្យខេត្តកែប បានចេញរបាយការណ៍រាយនាម ជនរងគ្រោះក្នុងករណី បាក់រលំអគារ នាខេត្តកែប ដែលមន្ទីរពេទ្យខេត្តកែប ទទួលបានពិនិត្យ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី ៤ ខែ មករា ឆ្នាំ២០២០នេះ៖ គឺជនរងគ្រោះសរុប២៣នាក់ ស្រី ៨នាក់ ក្នុងនោះ ៥នាក់ ស្លាប់ ស្រី៣ នាក់ ប្រុស ២នាក់ និងបញ្ជូនទៅខេត្តកំពត ចំនួន៤នាក់ ស្រី២នាក់ និងកំពុងសម្រាកមន្ទីរពេទ្យ ៨នាក់ ស្រី៣នាក់ ប្រុស ១១នាក់ ។ មកទល់ព្រឹកថ្ងៃទី ៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកបន្តទៀត។
កាលពីយប់មិញថ្ងៃទី ៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥:០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះយើងបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធ រួចផុតពីសេចក្តីស្លាប់ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខពួកគាត់ទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀតនៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ។
សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ងត៍បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។
អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕
មកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងស្ថិតនៅជាមួយក្រុមការងារ ដើម្បីបន្តសកម្មភាពជួយសង្គ្រោះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប មុននេះ ៕
