ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី នាំទៀនវស្សា មកប្រគេនព្រះសង្ឃ ចំនួន១៨វត្តក្នុងខណ្ឌព្រែកព្នៅ

128

ភ្នំពេញ៖ នៅសល់តែង០៥ថ្ងៃទៀតប៉ុណ្ណោះ  បុណ្យចូលកាន់ព្រះវស្សានឹងឈានចូលមកដល់ ស្របជាមូយនឹងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ,លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញរួមជាមួយមន្ត្រីក្រោមឱវាទនិងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៣ កក្កដា ២០១៨នេះបាននាំយកទៀនវស្សា ប្រេងកាត បច្ច័យនិងទេយ្យវត្តមួយចំនួនទៅប្រគេន​ដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៨នៅក្នុងខណ្ឌព្រែកព្នៅ។

ទៀនវស្សា ប្រេងកាតនិងទេយ្យវត្តមួយចំនួន ដែលបានប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៨នេះ ក្នុងមួយវត្តៗ ទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកានចំណុះ៣០លីត្រ ស្កស១បាវទំងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស។

ពាក់ព័ន្ធនឹងបុណ្យចូលកាន់ព្រះវស្សា នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣ខែ ហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ។

បច្ចុប្បន្នទូទាំងរាជធានីភ្នំពេញមានវត្តចំនួន១៥០វត្ត មានព្រះសង្ឃជាង៥០០០អង្គទាំងមហានិកាយ និងធម្មយុត្តិកនិកាយ។

សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា មានរយៈ៣ខែ ដោយចាប់ពីថ្ងៃ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨៕

 

អត្ថបទដែលជាប់ទាក់ទង