ម្ចាស់សំណង់កម្ពស់៦ជាន់ ត្រូវនគរបាលខេត្តកែប ឃាត់ខ្លួនហើយ
កែប ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា ម្ចាស់សំណង់អគារកម្ពស់៦ជាន់ ដែលបានបាក់ស្រុត បណ្តាលឲ្យមានកម្មករស្លាប់ និងរងរបួសជាច្រើន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកែបឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ការឃាត់ខ្លួនម្ចាស់សំណង់អគារខាងលើ ដោយអនុវត្តតាមបទ បញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្រមសម្រួលដោយព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកែប។
លោកស្នងការខេត្តមានប្រសាសន៍បន្តថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
បច្ចុប្បន្នម្ចាស់សំណង់៦ជាន់ ដែលបាក់ស្រុតខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរនិង កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
រដ្ឋបាលខេត្តកែបបានឲ្យដឹងថា គិតមកដល់វេលាម៉ោង១២នឹង៤៥នាទី រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រតិបត្តិការ ជួយសង្គ្រោះបានរុករកឃើញជនរងគ្រោះ នៅក្រោមគំនរអគារបាក់រលំសរុបចំនួន២៥នាក់ និងបាត់បង់ជីវិតមានចំនួន០៥នាក់។ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិតត្រូវ បានក្រុមគ្រួសារមកបំពេញឯកសារ ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំនួន៤សពហើយ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភថវិកាភ្លាមៗដល់ជនរងគ្រោះ និងអ្នករងរបួស នៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀល សម្រាប់ពិធីបុណ្យសព និងអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាបន្ថែមជូនជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ ចំនួន៤នាក់ ដោយក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិក សរុប៨ម៉ឺនដុល្លារ ពីលើថវិកាដែលឧបត្ថម្ភដំបូងម្នាក់ៗ១ម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជនដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច យកថវិកាទាំងនេះទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង។
នៅវេលាម៉ោងប្រមាណ១៤និង៣០នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយសង្គ្រោះចេញពីគំនរអគារ ក្រោយដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ និងបានជួយជនរងគ្រោះ ២នាក់ប្តីប្រពន្ធចេញពីគំនរអគារ៕