សម្តេចតេជោ៖ ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំ កំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ
ភ្នំពេញ៖ ខ្លឹមសារសង្ខេប នៃសន្និសីទកាសែត ថ្លែងដោយ សម្ដេចតេជោ ហ៊ុន សែន អំពីលទ្ធផលនៃប្រតិបត្តិការរុករក ជនរងគ្រោះនៅក្នុងគំនរអគារ៧ជាន់ខេត្តកែប។
កាលពីព្រឹកមិញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការ រុករកជនរងគ្រោះនៅក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ។
របាយការណ៍ចុងក្រោយដែលទទួលបានមកទល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀលនេះ គឺសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ នៅពេលនេះការសម្អាតគំនរបាក់បែកក៏បានពង្រាបដល់បាតក្រោមផ្ទាល់ដីដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះនេះត្រូវបានបិទបញ្ចប់នៅម៉ោង ១១:៣៥ នាទីព្រឹក ដោយប្រើរយៈពេល៤៣ម៉ោង។ ឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ហេតុអី្វប្រតិបត្តិការនេះត្រូវប្រើពេលយូរម្ល៉េះ? សម្តេចតេជោ បានបញ្ជាក់ថា យើងមិនអាចធ្វើដោយទទឹងទិសនោះទេ ពោលគឺពេលណាដែលយើងសង្ស័យថាមានអ្នកនៅរស់ គឺយើងត្រូវបញ្ឈប់គ្រឿងចក្រ ហើយត្រូវរកវិធីដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ម្យ៉ាងវិញទៀត យើងក៏ត្រូវគោរពទៅលើសាកសពផងដែរ យើងមិនអាចឲ្យគ្រឿងចក្រកាយទៅប៉ះពាល់ដល់សាកសពឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងប្រតិបត្តិការទាំងអស់ មិនថាតែខេត្តកែបទេ គឺមកពីបណ្តាខេត្តនានាផងដែរ។ សម្តេចតេជោនាយករដ្ធមន្រ្តី ក៏បានគោរពថ្លែងនូវអំណរព្រះគុណយ៉ាងខ្ពង់ខ្ពស់បំផុតដល់ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រទ័យទុកដាក់អំពីសុខទុក្ខប្រជារាស្ត្រ ហើយព្រះអង្គក៏បានចូលរួមជាព្រះរាជអំណោយថវិកា ក្នុងការជួយដល់បងប្អូនជនរងគ្រោះនៅក្នុងឧបទ្ទវហេតុដ៏រន្ឋត់នេះផងដែរ។
នៅក្នុងប្រតិបត្តិការសង្រ្គោះបន្ទាន់នេះ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្រេចមិនដកដំណែងអភិបាលខេត្តកែបទេ ព្រោះសម្តេចគិតថានេះមិនមែនជាកំហុសរបស់អភិបាលខេត្តនោះដែរ វាជាឧបទ្ទវហេតុ។ សម្ដេចតេជោ បានទាញលើកឧទាហរណ៍នៃការបាក់រលំអគារដែលបានកើតមានឡើង នៅតាមបណ្ដាលប្រទេសផ្សេងៗ ក៏គេមិនមានការដកតំណែងអភិបាលក្រុង ឬអភិបាលខេត្តនោះដែរ នេះគឺជារឿងឧបទ្ទវហេតុសម្រាប់ប្រទេសនីមួយៗ។ ផ្ទុយទៅវិញ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្ដីបន្ទោសដល់មន្ត្រីបក្សនយោបាយ និងមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមបញ្ចេញយោបល់ក្នុងការជំរុញឲ្យឲ្យដោះដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ ហើយ សម្ដេចតេជោ បានព្រមានថា សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីទាំងនោះនាពេលបន្ទាប់នេះ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះ គឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងអំឡុងពេលកើតហេតុនោះ គឺការជួយសង្រ្គោះជីវិតមនុស្ស កុំគិតទៅតែលើរឿងស្តីបន្ទោសនោះទេ។
ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសម្រាប់អ្នកដែលរងរបួសគឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សម្រាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នេះ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាជួយដល់បងប្អូនជនរងគ្រោះ៕
រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកនៃអគាររលំ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង ២០នាទី) មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
រដ្ឋបាលខេត្តកែប បានឲ្យដឹងថា តុល្យការជនរងគ្រោះ ដែលក្រុមការងារជួយសង្រ្គោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានសរុបចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិត ៣៦នាក់(ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនោះ មានក្មេងចំនួន៦នាក់ (ស្រី២នាក់) និងរងរបួស២៣នាក់(ស្រី៨នាក់) ។ ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ដើម្បីទទួលយក សពទៅធ្វើបុណ្យតាមប្រពៃណី។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមាន ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះត្រួតពិនិត្យដឹកនាំ បញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល២ថ្ងៃ២យប់នេះ និងបានឧបត្ថម្ភជាសម្ភារ ថវិកាផងនោះ គឺពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មកររងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូន គ្រប់ក្រុមការងារទាំងអស់ ដែលចូលរួមក្នុងបេសកកម្មរុករកជនរងគ្រោះដោយឧបទ្ទវហេតុដ៏ក្រក់នេះ ។
រដ្ឋបាលខេត្តកែប សូមថ្លែងអំណរគុណចំពោះក្រុមការងារជួយសង្រ្គោះទាំងអស់ ដែលបានចំណាយពេលវេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្រ្គោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគាររលំនេះ ៕