ហាងលក់ម្ហូប តាមអនឡាញ មួយ បើកហ្គាសធ្វើម្ហូប ខ្វះការប្រុងប្រយ័ត្ន បង្កជាអគ្គិភ័យ
ភំ្នពេញ ៖ ហាងលក់ម្ហូប តាមអនឡាញ មួយកន្លែង បានបើកហ្គាសធ្វើម្ហូប ខ្វះការប្រុងប្រយ័ត្ន បង្ករជាអគ្គិភ័យកើតឡើងនៅវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ មុនីវង្ស ផ្ទះលេខ៥៣៩ ក្រុមទី០១ ភូមិ០១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ ZHAO JI KUI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មានមុខរបរ លក់ម្ហូបតាមអនឡាញ ជាប្រភេទសំណង់ផ្ទះថ្មក្រោមប្រក់ដំបូលសង្ក័សី បណ្តាលឲ្យខូចខាត ទូរទស្សន៍ កង្ហារ កុំព្យូទ័រ ម៉ាស៊ីនព្រីនធើ និងសម្ភារប្រើប្រាស់មួយចំនួនធំ តែពុំបណ្តាលឲ្យឆេះ រាលដាលដល់ផ្ទះ អ្នកនៅក្បែរខាង និងមិនបណ្តាល ឲ្យមានមនុស្សស្លាប់ និងរបួសឡើយ។
តាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យចំនួន៦គ្រឿង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើ ប្រាស់ទឹកអស់ចំនួន ១០ ឡានស្មើនឹង ៤០ម៉ែត្រគូប, រថយន្តជំនួយទីក្រុងកោះពេជ្រចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង 0៦ ម៉ែត្រគូប ហើយបានពន្លត់ចប់នៅវេលម៉ោង ១៥និង៤០ នាទី ថ្ងៃខែឆ្នាំដដែល ។
មូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីបើកហ្គាសធ្វើម្ហូបខ្វះការប្រុងប្រយ័ត្ន បង្កជាអគ្គិភ័យ ៕