ទឹកទន្លេសេសាន កំពុងមានការជន់ឡើងខ្លាំង ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ
ស្ទឹងត្រែង៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ខែកក្កដានេះ បានឲ្យដឹងថា ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បាននិងកំពុងហក់ឡើង ជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ។
ក្រសួងជំនាញដដែល បានបញ្ជាក់ថា គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៣ នេះ ទឹកទន្លេ បានកើនឡើងដល់កម្ពស់ ៧,៨០ ម៉ែត្រ(កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ៨ ម៉ែត្រ) ។ ក្រសួងធនធានទឹក ក៏បានស្នើសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនឹងបន្តកើនឡើងបន្ថែមទៀត។
ប្រភពដដែលបន្តថា ស្ថានភាពទឹកស្ទឹងសំរោង ផ្លូវជាតិលេខ ៤ ហក់ឡើងជាថ្មី ៖ គិតត្រឹមម៉ោង ១១:៣០ នាទីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គីឡូម៉ែត្រ ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានហក់ឡើងជាថ្មីម្តងទៀត ។ ពេលនេះទឹកស្ទឹងបានជន់ឡើងព្រៀបនឹងចិញ្ចើមផ្លូវជាតិជាបណ្តើរៗហើយ ។ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមចំណុចខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ព្រឹកថ្ងៃចន្ទ ទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារ ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ជារួម ទឹកបានស្រកចុះក្នុងកម្រិត ០,៩០ ម៉ែត្រ ហើយ ទាំងទឹកនៅទំនប់៧មករា និងទឹកស្ទឹងព្រែកត្នោត ។ មកដល់ពេលនេះ ស្ថានភាពបានធូរស្រាលច្រើន ប៉ុន្តែមិនទាន់អាចលែងដៃ នៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ក្រុមការងារនៅតែបន្តត្រៀម អន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ។
ក្រសួងធនធានទឹក ក៏បានបញ្ចេញរបាយការណ៍អំពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត និងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ ៖