បុគ្គលិកសណ្ឋាគារ ណាហ្គា វើលដ៍ តវ៉ារកដំណោះស្រាយដំឡើងប្រាក់ខែ
ភ្នំពេញ៖ នៅថ្ងៃទី៩ មករា២០២០នេះ បុគ្គលិក ណាហ្គា វើលដ៍ (Naga World) បានសម្រេចនាំគ្នាធ្វើកូដកម្ម បន្ទាប់ពី ក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ មិនផ្ដល់ដំណោះស្រាយសមរម្យ តាមការទាមទាររបស់ពួកគេកន្លងមក។ ចំណែកក្រុមហ៊ុន បានព្រមានមិនឲ្យបុគ្គលិកធ្វើកូដកម្ម និងបានប្តឹងទៅតុលាការឱ្យកោះហៅ តំណាងសហជីពទៅសួរនាំផងដែរ។
សហជីពប្រចាំក្រុមហ៊ុន ណាហ្គា វើលដ៍ បានបញ្ជាក់ថា កូដកម្មនៅថ្ងៃទី៩ ខែមករា មានសន្ទុះចូលរួមពីបុគ្គលិកគ្រប់ផ្នែកក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណជាង ២ពាន់នាក់ ដើម្បីទាមទារឲ្យក្រុមហ៊ុននេះ ទទួលយកប្រធានសហជីពម្នាក់គឺ កញ្ញា ឈឹម ស៊ីថរ ឱ្យចូលធ្វើការវិញ និងដំឡើងប្រាក់ឈ្នួល សមរម្យដល់បុគ្គលិក ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចេញធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន ណាហ្គា វើលដ៍ ទ្រង់ទ្រាយធំនេះ ដោយសារតែថ្នាក់ដឹកនាំសហជីព បានដំណើរការដោះស្រាយដោយសន្តិវិធីនៅក្នុងក្រុមហ៊ុន នៅក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅតែមិនអាចរកដំណោះស្រាយ។ អ្នកស្រីបន្តថា កូដកម្មនេះ គឺធ្វើឡើងដោយស្របតាមច្បាប់ និងជាការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន៖ តាំងពីព្យួរការងារប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ មកដល់ឥឡូវនេះ សន្ទុះនៃការសាមគ្គីរបស់បុគ្គលិក គឺអត់រាថយទេ ទោះជាក្រុមហ៊ុនចេញលិខិតព្រមាន និងហៅបុគ្គលិកទៅគំរាមផង សម្លុតផង និងលួងលោមផង ក៏បុគ្គលិកមិនចុះញ៉មដែរ។ អ្វីដែលបុគ្គលិកទាមទារ គឺវត្តមានរបស់ប្រធានសហជីព ព្រោះពួកគេគិតថា រឿងដែលកើតឡើង ចំពោះប្រធានសហជីព ជារឿងអយុត្តិធម៌។
ក្នុងពេលសហជីពដឹកនាំបុគ្គលិកកម្មករធ្វើកូដកម្មនេះ ខាងភាគក្រុមហ៊ុនបានចេញលិខិតព្រមានជាមុន មិនឲ្យបុគ្គលិកចូលរួមធ្វើកូដកម្មនោះទេ ដោយចាត់ទុកកូដកម្មនេះថា ខុសច្បាប់។ ក្រុមហ៊ុនគំរាមទៀតថា ប្រសិនបើបុគ្គលិកណាចូលរួម នឹងប្រឈមការដាក់វិន័យ និងបញ្ឈប់កិច្ចសន្យាការងារដោយគ្មានសំណង។ ទន្ទឹមគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅប្រធានសហជីពប្រចាំក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ទៅសួរនាំអំពីគម្រោងធ្វើកូដកម្មនេះ តាមបណ្ដឹងរបស់ក្រុមហ៊ុន នៅរសៀលថ្ងៃទី៨ ខែមករាដែរ។
សេចក្តីថ្លែងការណ៍របស់សហជីពប្រចាំក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ចេញផ្សាយ កាលពីយប់ថ្ងៃទី៧ ខែមករា ឲ្យដឹងថា អ្វីដែលថ្នាក់ដឹកនាំក្រុមហ៊ុន ណាហ្គា វើលដ៍ កំពុងធ្វើ គឺបង្ហាញយ៉ាងច្បាស់ក្រឡែតថា ក្រុមហ៊ុនគ្មានចេតនាដោះស្រាយដោយសន្តិវិធីនោះទេ គឺមានតែការគំរាមកំហែង និងរំលោភលើអនុញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិលេខ៨៧ ស្ដីពីសិទ្ធិចរចាជាសមូហភាព ច្បាប់ស្ដីពីការមាត្រា៣៣៣ និងច្បាប់ស្ដីពីសហជីព មាត្រា៨៧។ ក្នុងសេចក្ដីប្រកាសនោះ បង្ហាញថា បុគ្គលិករាប់ពាន់នាក់ នៅតែទទូចឲ្យក្រុមហ៊ុនដោះស្រាយចំណុច ដែលទាមទារកន្លងមកដោយរៀបចំ ឲ្យមានកិច្ចចរចាដោយមានភាពស្មោះត្រង់ និងផ្ដល់ការគោរពគ្នាទៅវិញទៅមក និងជា ពិសេសទម្លាក់ចោលការព្យួរការងារប្រធានសហជីព និងបានចូលបំពេញការងារធម្មតាឡើងវិញ។
បុគ្គលិកកាស៊ីណូម្នាក់ បាននិយាយថា ពួកយើងធ្វើកូដកម្មទាល់តែមានដំណោះស្រាយ ហើយពួកយើងមិនសុខចិត្តទេ បើសិនជាក្រុមហ៊ុននៅតែព្យួរការងារប្រធានសហជីព។
វិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើងចាប់តាំងពីយប់ថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីក្រុមហ៊ុនព្យួរការងារប្រធានសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ដោយមិនកំណត់ពេលវេលា ដែលភាគីបុគ្គលិកអះអាងថា ធ្វើឡើងទាំងអយុត្តិធម៌ និងមិនអនុលោមតាមច្បាប់ស្ដីពីការងារ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ មូលហេតុដែលនាំឱ្យមានការព្យួរការងារនេះ គឺដោយសារតែស្ត្រីសហជីពវ័យក្មេងរូបនេះ បានប្រើប្រាស់តួនាទីរបស់ខ្លួនចេញមុខដោះស្រាយរឿងសន្តិសុខក្រុមហ៊ុន ហាមបុគ្គលិកមិនឲ្យយកអាវយឺត ដែលមានសរសេរសារថា “ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ” ចូលក្នុងក្រុមហ៊ុន និងក្នុងអំឡុងពេលចរចាផលប្រយោជន៍ជូនសមាជិករបស់ខ្លួន។ ក្រុមហ៊ុនបានចោទកញ្ញាថា ជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។
បន្ទាប់ពីផ្ទុះការតវ៉ាពីសំណាក់បុគ្គលិក Naga World ប្រមាណជិត២០០០នាក់ ដោយទាមទារលក្ខខណ្ឌមួយចំនួន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌចំការមន បានអញ្ជើញតំណាងអ្នកតវ៉ាមួយចំនួន ជួបប្រជុំរកដំណោះស្រាយ។ ចំណែកក្រុមអ្នកតវ៉ានៅខាងមុខ Naga World បាននៅស្ងៀមនៅនឹងកន្លែង ដោយមិនទាន់ធ្វើសកម្មភាពអ្វីបន្តទៀតទេ។
ទោះជាយ៉ាងនេះក្តីរហូតដល់ពេលរសៀល ថ្ងៃដដែលនេះ ការជួបប្រជុំនៅមិនទាន់មានលទ្ធផលយ៉ាងណានៅឡើយ ហើយបើសិនជាការដោះស្រាយត្រឹមអាជ្ញាធរខណ្ឌមិនអាចបញ្ចប់បញ្ហានេះបាន អាចនឹងមានការបន្តដោះស្រាយដល់កម្រិតអាជ្ញាធររាជធានីតែម្តង។
សូមបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ប្រមាណជិត២០០០នាក់ បានផ្ទុះការតវ៉ាជាថ្មី នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ដោយទាមទារនូវលក្ខខណ្ឌមួយចំនួន ក្រោយពេលក្រុមហ៊ុនព្យួរការងារមេសហជីពមួយរូប។
លក្ខខណ្ឌដែលបុគ្គលិកទាំងនោះ ទាមទាររួមមានដូចជា៖ ឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីព ម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ។ អនុញ្ញាតឲ្យកម្មករឈប់សម្រាកតាម គោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល៣០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់បុគ្គលិកផ្នែកកាស៊ីណូ ជាដើម។
ក្រុមបុគ្គលិកដែលតវ៉ា ក៏បានលើកបដាមួយចំនួនទៀត ដូចជាសរសេរថា ណាហ្គាវើលដ៍ ត្រូវគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខ៤៧/០៩ និងលេខ១០/១០។ ការទាមទារប្រាក់ឈ្នួល រស់នៅសមរម្យ គឺជាសិទ្ធិមិនមែនជាបទល្មើសឧក្រិដ្ឋទេ ជាដើម៕