រកឃើញខ្សែអន្ទាក់ហ្រ្វាំងកង់ ចំនួន ៣៥ខ្សែត្រង់ចំណុចអូរទឹកខ្មៅ ដែលព្រានព្រៃ ដាក់សម្រាប់ចាប់សត្វព្រៃយកទៅលក់
ព្រះវិហារ៖ មន្រ្តីប្រចាំស្នាក់ការដំរីបូត បានដកហូតខ្សែអន្ទាក់ហ្រ្វាំងកង់ ចំនួន ៣៥ខ្សែត្រង់ចំណុចអូរទឹកខ្មៅ ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះ វិហារ និងនៅចំណុចខ្សាច់សរ ស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានដកហូតរណាយន្តចំនួន ០១គ្រឿង។
ក្រសួងបរិស្ថាននៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ នេះបានឲ្យដឹងថា មន្រ្តីប្រចាំស្នាក់ការដំរីបូត ចំនួន ០៤នាក់ នៃដែនជម្រកសត្វព្រៃព្រះរការ ខេត្តព្រះវិហារ បានចុះល្បាតកាលពីថ្ងៃទី០៦-០៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចអូរទឹកខ្មៅ ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះ វិហារ បានដកហូតខ្សែអន្ទាក់ហ្រ្វាំងកង់ចំនួន ៣៥ខ្សែ និងនៅចំណុចខ្សាច់សរស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានដកហូតរណាយន្តចំនួន ០១គ្រឿង។
ដោយឡែកកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការព្រៃឡង់ បឹងពែរចំនួន ០៣នាក់ បានចុះល្បាតដល់ ចំណុចខ្នាចធំ បានជួបករណីកាប់រានដីព្រៃ (ជនល្មើសរត់គេចខ្លួនពេលឃើញមន្ត្រីយើងចុះទៅដល់) និងបានដកហូតបានរណាយន្តចំនួន ០១គ្រឿង ដែលទីតាំងនេះស្ថិតនៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ វត្ថុតាងត្រូវបានយកមករក្សាទុក បណ្តោះអាសន្ននៅស្នាក់ការភ្ញាក់រលឹក៕