ជនជាតិចិន មានកាំភ្លើងខ្លី ទើបនឹងត្រៀមចេញប្លន់ ត្រូវសមត្ថកិច្ចដេញចាប់បានម្នាក់ រត់រួចពីរនាក់
ខេត្តព្រះសីហនុ ៖ ជនជនជាតិចិន៣នាក់ ដែលបានប្រើប្រាស់អាវុធខ្លីបម្រុងចេញធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដេញតាមដល់ស្ពានទឹកសាប បណ្តាលឲ្យក្រឡាប់រថយន្ត ចាប់បានម្នាក់ ពីរនាក់ទៀតរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលល្បាត បានប្រទះឃើញរថយន្ដម៉ាកTakoma មួយគ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តនោះ បានយកស្បោងប្លាស្ទិកពណ៌ខ្មៅ រុំបិតផ្លាកលេខ ដែលគួរឱ្យសង្ស័យ ជាក្រុមជនទុច្ចរិតបម្រុងចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិត។ ភ្លាមៗនោះ កម្លាំងជំនាញ បានបោះដៃសហការគ្នា បើកម៉ូតូតាមឃ្លាំមើល ជនសង្ស័យដឹងខ្លួន ក៏បើករថយន្តបង្វែងដានរត់គេចខ្លួន ឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ចយើងក៏បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូត ហួសស្ពានទឹកសាប ឃុំរាម ជនសង្ស័យ បានបត់រថយន្តចូលល្លូវលំមួយ ដើម្បីគេចខ្លួន តែរថយន្ដបើកលឿន ក៏បានក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញ ពីរថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចយើង ចាប់ឃាត់ខ្លួនបាន ១នាក់ និងដក ហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលពួន ក្នុងព្រៃ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក ។ ពេលរថយន្តក្រឡាប់ នៅវេលាម៉ោង០:៣០នាទី ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ចាប់យកបាន វត្ថុតាង កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 បង់១មាន៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិច ផ្លាកលេខភ្នំពេញ 2BD-7915។
ករណីនេះ កម្លាំងជំនាញ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ដឹងស្វែងរកចាប់ខ្លួនបក្ខពួក 2 នាក់ទៀតដែលកំពុងគេចខ្លួន៕