ជនសង្ស័យ២នាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បានកាប់ម៉ូតូបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយ២នាក់ទៀតកំពុងគេចខ្លួន
បន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ របស់ជនរងគ្រោះ០២នាក់ ១/.ឈ្មោះ ឆាយ សានហ៊ួ ភេទប្រុស អាយុ១៦ឆ្នាំ ២/.ឈ្មោះ ភាព ជីវី ភេទប្រុស អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី កន្លងមកនៅចំណុចទល់មុខក្លិបកំសាន្តស្ចារស៊ីធី ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យ ចំនួន០៤នាក់។
រាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ជនសង្ស័យ ចំនួន០៤នាក់ រួមមាន ១/.ឈ្មោះ មិល ថៃលេន ២/.ណេង ភារ៉ាត់ ៣/.តុ លេះ ៤/.មិនសា្គល់ឈ្មោះ ។
បើតាមការរៀបរាប់របស់ជនរងគ្រោះទាំង០២នាក់ បានបញ្ជាក់ថា ពេលពួកគេអង្គុយលេងនៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿងមានគ្នា០៤នាក់ ហើយបានយកកាំបិតដេញកាប់ពួកគេតែម្ដង ពេលនោះជនរគ្រោះនាំគ្នារត់ចោលម៉ូតូ ហើយពួកជនសង្ស័យបានកាប់ម៉ូតូបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរត់គេចខ្លួនបាត់អស់។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ជនសង្ស័យបានចំនួន០២នាក់ ១/.ឈ្មោះ មិល ថៃលេន ២/.ឈ្មោះ ណេង ភារ៉ាត់ នៅចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបានកាំបិតកែច្នៃ០១ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានក្រុង ដើម្បីសាកសួរ និងបញ្ជូនបន្តមកទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថខេត្តផងដែរ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បន្តទៀតថា ក្រោយពីបានស្ដាប់ចម្លើយជនសង្ស័យ និងមានពាក្យបណ្ដឹង ព្រមទាំងមានវត្ថុតាង ឃើញថាមានភាពស៊ីសង្វាក់គ្នា អាចចោទប្រកាន់ពីបទល្មើសបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកជនសង្ស័យ០២នាក់ទៀត ដែលបានគេចខ្លួនកម្លាំងកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត៕