ផ្លូវក្រោមដី២ខ្សែនៅមុខសាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ នឹងមុខវិទ្យាស្ថានភាសាបរទេស គ្រោងនឹងបើកការដ្ឋានស្ថាបនានាពេលខាងមុខនេះ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះ
ភ្នំពេញ៖ ផ្លូវក្រោមដី២ខ្សែនៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹកមុខវិទ្យាស្ថានភាសាបរទេស គ្រោងនឹងបើកការដ្ឋានស្ថាបនានាពេលដ៏ខ្លីខាងមុខនេះ ខណៈដែរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅពេលសិស្សនិស្សិតជាង២ម៉ឺននាក់ចេញនិងចូលសាលាក្នុងមួយថ្ងៃៗ។
ដើម្បីជំរុញឲ្យគម្រោងនេះដំណើរការទៅ ដោយរលូនរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែមករាឆ្នាំ២០២០ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីទាំងពីរខ្សែនេះអោយបានរលូននិងទទួលបានជោគជ័យ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនភ្នំពេញលោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំនោះថា ជាគម្រោងដែលបាននឹងកំពុងសិក្សាទៅលើផ្លូវក្រោមដីទាំង២ខ្សែនេះ គឺមួយខ្សែរត់ក្រោមផ្លូវ សហព័ន្ធរុស្សុី
នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទម្លុះ
ទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក។ ចំណែកផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើងនៅមុខវិទ្យាស្ថានភាសាបរទេស ដោយចេញពីក្នុងសាលាមុជក្រោមផ្លូវសហព័ន្ធរុស្សុី ទម្លុះមកផ្លូវ២៦១ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ក្នុងគម្រោងនេះ
ដែរ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស៥ មករា រហូតដល់ស្ពានអាកាស៧មករា គឺគ្រោងនិងបិទរបាំងថ្មទ្រូងផ្លូវ មិនឲ្យធ្វើចរាចរឆ្លងកាត់តែម្ដង។
ក្នុងកិច្ចប្រជុំនោះដែរ ក៏បានពិភាក្សាវែកញែករកដំណោះស្រាយ ថាតើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវនិងសុភាពាណិជ្ជកម្មកម្ពុជា នឹងចេញចូលច្រកណាមួយ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យក្រុមការងារធ្វើការសិក្សាឲ្យបានម៉ត់ចត់ លើកគម្រោងស្ថាបនាផ្លូវក្រោមដី ២ខ្សែនេះ។ ដោយលោកជំរុញឲ្យមានកិច្ចប្រជុំលើកក្រោយទៀត ដោយត្រូវអញ្ជើញនាយកសាលាទាំងពីរខាងលើ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងសភាពាណិជ្ជកម្មកម្ពុជា មកប្រជុំរួមគ្នាមួយដើម្បីរកដំណោះស្រាយរួម មុននឹងដាក់ឲ្យគម្រោងខាងលើដំណើរការ ព្រោះថា គម្រោងនេះត្រូវតែអនុវត្តហើយ ដោយសារតែមាននិស្សិតប្រមាណជាង២ម៉ឺននាក់ចេញពីសកលវិទ្យាល័យទាំងពីរនេះ ហើយតែងតែ
កកស្ទះចរាចរណ៍រាល់ថ្ងៃ ខណៈដែរនិស្សិតចេញនិងចូលក្នុងសាលា ៕