សំណូមពរ ដល់អ្នកពាក់ព័ន្ធ បន្តចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់
រាជធានីភ្នំពេញ៖ សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការ អនុវត្តផែនការយុទ្ធសាស្រ្តបង្ការ ទប់ស្កាត់អំពេីជួញដូរមនុស្ស និងគ្រោះថ្នាក់បងង្កដោយការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងអប់រំ យុវជន និងកីឡា ។
លោកស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា ដែលជាអធិបតី បានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ យុវកាយរឹទ្ធិ កាកបាទក្រហម សិល្បករ សិល្បការិនី ពិធីករ ពិធីការិនី សង្គមស៊ីវិល សូមបន្តចូលរួមទាំងអស់គ្នាឲ្យបានសកម្មជាប់ជាប្រចាំដូចភ្លៀងរលឹមដេីម្បីសុវត្ថិភាពសហគមន៍ ។
លោកស្រីសឿ សុជាតា អនុរដ្ឋលេខាធិការប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងការជួញដូរមនុស្ស ប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានធ្វេីសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្ស សំដៅពង្រឹងគុណភាព ប្រសិទ្ធភាពធនធនមនុស្សនៅកម្ពុជា។
លោក សាម៉ន បណ្ឌិត អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា វិស័យព័ត៌មានដេីរតួនាទីសំខាន់ក្នុងការចូលរួមផ្សាយព័ត៌មានចំណេះដឹងទូទៅនានា និងច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្សដល់ប្រជាពលរដ្ឋបានយល់ដឹង។
លោកស្រីឧត្តមសេនីយ៍ឯក ប៉ុន សំខាន់ អគ្គលេខាធិការគណកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានប្រសាសន៍ថា អំពេីជួញដូរមនុស្សគឺជាបទល្មេីសឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលតម្រូវឲ្យមានការប្រឆាំងទប់ស្កាត់ការជួញដូរនិងសង្រ្គោះជនរងគ្រោះពីអំពេីជួញដូរគ្រប់ទម្រង់។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញុៀនបានថ្លែងសាទរពីវឌ្ឍនភាព និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធដែលបានចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀនដេីម្បីប្រយោជន៍រួម គោលដៅតែមួយ គឺកសាងបាននូវធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាធនធានបន្តវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិ។
ក្នុងចំណាប់អារម្មណ៍របស់មន្ទីរក្រសួងអប់រំ យុវជន និងកីឡាខេត្តកោះកុង បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង រាជធានីភ្នំពេញ កណ្តាល និងអង្គការភ្លេន Plan សុទ្ធតែបានបង្ហាញពីឆន្ទះរួមចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្សដេីម្បីអនាគតយេីង កូនចៅយេីង៕