ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសហជីព នៅណាហ្គាវើលដ៍ ត្រូវបានអនុញ្ញាតឱ្យ ចូលធ្វើការវិញ បន្ទាប់ពីបុគ្គលិក រាប់ពាន់នាក់ ធ្វើកូដកម្ម២ថ្ងៃ

95

ភ្នំពេញ៖
អង្គការលីកាដូ បានផ្សាយថា បុគ្គលិកពាន់នាក់បាន ជួបជុំគ្នា នៅខាងមុខ ណាហ្គាវើលដ៍ ទាមទារឱ្យ មានការ តំឡើងប្រាក់ ឈ្នួលអប្បរមា និងយក ប្រធាន សហជីព របស់ខ្លួន កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ។

ក្រុមហ៊ុនណាហ្គាវើលដ៍ បានសម្រេចយកប្រធាន សហជីព ដែលត្រូវបានព្យួរការងារ កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ បន្ទាប់ពីមាន ការធ្វើកូដកម្មរយៈពេល ២ថ្ងៃដែលចូលរួម ដោយបុគ្គលិក រាប់ពាន់នាក់ នៅខាងមុខកាស៊ីណូ ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ នាល្ងាចថ្ងៃទី១០មករា២០២០នេះ តំណាងក្រុមហ៊ុន ក៏បានប្រាប់បុគ្គលិក ដែលជួបជុំគ្នាថា ក្រុមហ៊ុននឹងចរចា ដំឡើងប្រាក់ឈ្នួល អប្បរមា សម្រាប់បុគ្គលិក នៅពេលក្រោយទៀត។ បុគ្គលិកទាំងនេះ ត្រូវបានរំពឹងថា នឹងត្រឡប់ចូល ធ្វើការវិញ នៅថ្ងៃនេះវិញ។
ការព្រមព្រៀងនេះ ធ្វើឡើង បន្ទាប់ពីតំណាង សហជីព រួមមាន កញ្ញា ឈឹម ស៊ីថរ ដែលបានជួប ជាមួយតំណាង ក្រុមហ៊ុន ណាហ្គាវើលដ៍ និងមន្រ្តីជាន់ខ្ពស់ មកពី ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដើម្បីចរចា រកដំណោះស្រាយ។ កញ្ញាត្រូវបាន ព្យួរការងារ ដោយ ទទួលបាន ប្រាក់ឈ្នួលចាប់ពីខែ កញ្ញា ឆ្នាំ២០១៩ អំឡុងពេល ធ្វើយុទ្ធនាការ ស្នើសុំ ដំឡើងប្រាក់ឈ្នួល អប្បរមា និងលក្ខខណ្ឌ ការងារប្រសើរ ជាងមុន។
នាព្រឹកថ្ងៃទី១០មករានេះ បុគ្គលិកណាហ្គាវើលដ៍ រាប់រយនាក់ រួមមាន អ្នកសម្អាត និងអ្នកបម្រើការ ផ្នែកអាហារ ក៏បានដើរចេញ ពីក្រុមហ៊ុនចូលរួម ជាមួយអ្នកតវ៉ា រាប់ពាន់នាក់ផ្សេងទៀត ផងដែរ ក្នុងការធ្វើកូដកម្ម ដោយអហិង្សា ថ្ងៃទី២នេះ ដើម្បីទាមទារ ប្រាក់ឈ្នួល អប្បរមា និងលក្ខខណ្ឌ ការងារប្រសើរ ជាងមុន ក៏ដូចជា ទាមទារ ឱ្យប្រធាន សហជីព របស់អ្នកទាំងនោះ អាចចូលធ្វើការ ដូចដើមវិញ។
កាលពី ម្សិលមិញ សាលាដំបូង រាជធានីភ្នំពេញ បានចេញ ដីកាសម្រេច ចាត់ចែង បណ្ដោះអាសន្ន ដោយប្រកាសថា ការធ្វើ កូដកម្មនេះ ខុសច្បាប់ និង បង្គាប់ឱ្យកូដករ ចូលធ្វើការវិញ ទោះបីជា សិទ្ធិធ្វើកូដកម្ម របស់ បុគ្គលិក ទាំងនេះ ត្រូវបាន ធានាដោយ ច្បាប់កម្ពុជា និងអនុសញ្ញា របស់អង្គការ ពលកម្ម អន្តរជាតិ ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង