ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបង្ក បង្កគ្រោះថ្នាក់​ចរា​​​ចរ​ណ៍នៅតាមបណ្តោ​យ​ផ្លូវ​៦០ម៉ែត្រ ត្រូវនាំយកម​កសួរច​ម្លើយ​ នៅការិយាល័យចរា​​​ច​រណ៍​ផ្លូវគោក

56

 

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១១មករា២០២០នេះ បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់​ចរា​ចរណ៍ ព្រមទាំងរថយ​ន្ត នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ​ត្រូវបានចាប់ខ្លួន​ ហើយបច្ចុប្បន្នវត្ថុតាង​ និងជនបង្កត្រូវបាននាំយកមកសួរច​ម្លើយ និងរក្សាទុកនៅការិយាល័យចរា​ច​រណ៍​ផ្លូវគោក នឹងអនុវត្តន៍តាមនីតិ​វិ​ធី​បន្ត។

ក្រោយពីថ្ងៃកើតហេតុ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០​នាទីព្រឹក រហូតមកដល់ថ្ងៃដដែល ​វេលាម៉ោ​ង ២៣និង៥៧នាទីយប់​ ​ជនបង្កការគ្រោះ​ថ្នាក់ច​រាច​រណ៍ ដែលបណ្តាល​ឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានឃាត់ខ្លួនទាំងមនុស្ស និ​ងរ​ថយ​ន្ត នៅស្រុកស្អាង ខេត្តកណ្ដាល ទីដែលជនសង្ស័យកំពុ​ង​លាក់ខ្លួ​នក្រោយ​បង្កហេ​តុ​។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំ​ពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទា​ល់​ពី លោកឧត្តមសេនីយ៍ឯ​ក ស ថេត អគ្គស្នងការរង និងជាស្នងការនគ​រ​បាលរា​ជធានី​ភ្នំពេញ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោ​យ​លោកឧ​ត្តមសេ​នី​យ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរ​បា​លរាជ​ធានីភ្នំ​ពេញ​។ ជនបង្កដែលកម្លាំងនគរបាលជំ​នា​ញតា​មចាប់ខ្លួ​ន​បាននេះ ឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ក្នុងនោះស​មត្ថកិ​ច្ចដកហូ​តបានរថយន្ដមួយគ្រឿង ម៉ា​ក Camry ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2​B​B-0035 ដែលបង្កហេតុផងដែរ​។​

សូមជម្រាបថា ជនបង្កដែលត្រូវសមត្ថកិច្ចចា​ប់​ខ្លួននេះ គឺជាអ្នកបើករថយន្ដ​ផ្ទា​ល់​តែម្ដង ហើយត្រូវជាពូរបស់​ឈ្មោះ​ ឆេ​ង គីមលី អាយុ២១ឆ្នាំ ដែលជាម្ចាស់រថយន្ដ​ ​ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន​កា​លពីម្សិ​លមិ​ញ នៅផ្ទះដែលមានទីតាំងក្នុ​ង​សង្កាត់​បឹង​ទំ​ពុន ខណ្ឌមានជ័យ។ ​ដោយឡែក ឈ្មោះ ឆេង ម៉េងលី ដែលជាឈ្មោះនៅក្នុងប័ណ្ណស​ម្គា​ល់​យាន​យ​ន្ដ​នោះ គឺជាបងជីដូនមួ​យ​រប​ស់ ឆេង គីមលី ហើយមិនជាប់ពាក់ព័ន្ធក្នុ​ង​ករណី​នេះទេ​។

បន្ទាប់ពីឃាត់ខ្លួនជនបង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ដ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

រថយន្ដមួយគ្រឿង ម៉ាក Camry ពាក់ផ្លាកលេខភ្នំពេ​ញ ​2BB-0035 បានបុកម៉ូតូមួយគ្រឿង​ ​បណ្ដាលឲ្យមនុស្សស្លាប់​២​នាក់​ ហើយបើករត់គេច​ខ្លួ​ន​បាត់ នៅព្រឹកថ្ងៃទី១០ ខែមក​រា​ ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋាន​ក្រុមហ៊ុនចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ​សង្កាត់ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ​ដែ​លឃើញ​ហេតុ​ការណ៍បា​នឲ្យ​ដឹងថា មុនកើតហេតុគេឃើញ​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿ​​ង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ​1​IC-4551 ឌុបក្មេងស្រី​ និងដឹកនំប៉័ងធ្វើដំណើរ​តា​មប​ណ្តោយផ្លូ​វ៦០​ម៉ែ​ត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូ​ង​ ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវ​ម្ខាង ស្របពេលនោះមានរថយន្តកាមរីហាយ​​​​ប្រ៊ីត​ មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំ​ពេ​ញ2​BB-0035 កំពុងបើកបរប​ញ្ច្រា​សទិ​សគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំ​ហឹ​ងបណ្តាល​ឲ្យម៉ូតូ​ខ្ទាត​ទៅម្ខា​ង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់​​ ត្រូវ​កិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យ​ស្លា​ប់ភ្លា​មៗ ហើយរថយន្ដបានគេច​ខ្លួ​ន​បាត់៕

អត្ថបទដែលជាប់ទាក់ទង