ប្រកាសដាក់ឲ្យប្រើប្រាស់ សៀវភៅសំណង់ស្ថាបត្យកម្មសំណង់ នៅកម្ពុជា
ភ្នំពេញ៖ សៀវភៅ “Architectural Guide Phnom Penh” ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
តាមលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា សំណង់ស្ថាបត្យកម្មខ្មែរ មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ដែលបុព្វបុរសដូនតាខ្មែរ បានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយ ប៉ុន្តែមកដល់របបប៉ុលពត សំណង់ស្ថាបត្យកម្មនានា ក៏ត្រូវបានរងការបំផ្លិចបំផ្លាញ។ ក្រោយពីរបបខ្មែរក្រហមដ៏ខ្មៅងងឹតនោះ បានដួលរលំ មកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល យើងឃើញថាប្រទេសកម្ពុជា មានតម្រូវការនូវការរីកចម្រើននូវស្ថាបត្យកម្ម និងសំណង់ថ្មីៗ ហើយស្ថាបត្យកម្មទាំងនោះ គឺភ្ជាប់ជាមួយប្រវត្តិនៃទឹកដីនិងទីក្រុង ដែលយើងទាំងអស់គ្នាកំពុងរស់នៅនេះ។ លោកស្រី បានបង្ហាញពីការជឿជាក់ចំពោះលោក ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាការពារ នូវសំណង់បេតិកភណ្ឌដើម្បីទុកឲ្យយុវជនជំនាន់ក្រោយបានយល់ដឹង។ លោកស្រី ក៏បានថ្លែងអំណរគុណដល់អ្នកនិពន្ធទាំង២រូប ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចងក្រងនូវឯកសារមួយដ៏មានសារសំខាន់នេះឡើង មិនចំពោះតែពលរដ្ឋកម្ពុជាទេ គឺចំពោះជនជាតិទាំងអស់ដែលជាមិត្តភក្តិ និងជាអ្នកស្រាវជ្រាវស្វែងយល់អំពីប្រវត្តិនៃប្រទេសកម្ពុជា ដែលមានការផ្សារភ្ជាប់ជាមួយនឹងស្ថាបត្យកម្ម។ ក្នុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅ Architectural Guide Phnom Penh នេះ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ក៏បានចូលរួមនូវការជួយឧបត្ថម្ភនូវថវិកាចំនួន1000$ផងដែរ។
ក្នុងឱកាសនោះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សៀវភៅ Architectural Guide Phnom Penhនេះគឺជាសៀវភៅដែលមានសារសំខាន់ បានចងក្រងនិងរក្សាទុកនូវការណែនាំ អំពីសំណង់ស្ថាបត្យកម្មកម្ពុជា។ ការជួបជុំគ្នានាពេលនេះ គឺដើម្បីផ្សព្វផ្សាយសៀវភៅនេះ ដល់បណ្តាប្រទេសជុំវិញពិភពលោក និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នឹងជួយផ្តល់ការបង្រ្គប់នូវការចំណាយ លើការបោះពុម្ពសៀវភៅនេះ ពីភាសាអង់គ្លេស មកជាភាសាខ្មែរ។ លោកបានកត់សម្គាល់ថា សៀវភៅនេះមានការកត់ត្រាទុក និងការរៀបចំប្រកបដោយលក្ខណៈត្រឹមត្រូវ ស្របតាមជំនាញឯកទេស ពិតប្រាកដ ដូច្នេះលោកមានឆន្ទៈចង់ចូលរួម គាំទ្រចំពោះការផ្សព្វផ្សាយសៀវភៅនេះ ឲ្យបានទូលំទូលាយ។ លោក ជា សុផារ៉ា បានរំលឹកថា កាលពីពេលដែលលោកនៅកាន់តំណែងជាអភិបាលរាជធានីភ្នំពេញនោះ លោក តែងតែកត់ត្រាទុកក្នុងបញ្ជីមួយ នូវសំណង់ដែលមានលក្ខណៈជាបេតិកភណ្ឌ និងមានលក្ខណៈជាស្ថាបត្យកម្មពិសេស ដើម្បីរក្សាទំរង់សំណង់ស្ថាបត្យកម្មទាំងនោះ ទុកកុំឲ្យបាត់បង់ ហើយក្នុងពេលដែលលោកបាននមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នាពេលនេះ ក៏មានឱកាសបានរៀបចំតាក់តែងនូវច្បាប់ ស្តីពីសំណង់ ដែលច្បាប់នេះផ្តល់ឱកាសឲ្យមានការជួសជុលលើសំណង់ស្ថាបត្យកម្មបេតិកភណ្ឌនានា ប៉ុន្តែត្រូវរក្សាទម្រង់ដើម។ មកដល់ពេលនេះ យើងបានឆ្លងកាត់ចំនួន៦ជំនាន់ ស្ថាបត្យកម្មមកហើយ ដែលភាគច្រើនសំណង់ស្ថាបត្យកម្មទាំងនោះ គឺមានទំនាក់ទំនងនឹងរាជធានីភ្នំពេញ ដែលមកដល់ឆ្នាំនេះ គឺមានរយៈពេល៥៨៦ឆ្នាំហើយ ដែលចាត់ទុកថាជាអាយុកាលមួយ ដ៏យូរលង់ ដូច្នេះត្រូវរួមគ្នាថែរក្សាទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតបានដឹង។ ទោះបីយើងមិនបានបង្កើតស្ថាបត្យកម្មថ្មី ដែលមានលក្ខណៈពិសេសក៏ដោយចុះ ប៉ុន្តែយើងត្រូវតែមានភារកិច្ចថែរក្សានូវស្ថាបត្យកម្មពិសេស ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យខាងតែបាន។ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ គាំទ្រលើកទឹកចិត្ត ដើម្បីឲ្យគំនិតនេះ មានការរីកដុះដាលដល់កូនខ្មែរជំនាន់នេះ និងបណ្តាជំនាន់ក្រោយៗទៀត៕