អ៊ីរ៉ងទទួលស្គាល់ថា ខ្លួនបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន
ការបាត់បង់ជីវិតមនុស្សចំនួន ១៧៦នាក់គឺជារឿងដែលពិបាកទទួលយក ប៉ុន្តែយោធាអ៊ីរ៉ងហ៊ានទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ប៉ុន្តែវាកើតឡើងដោយអចេតនា។ នេះបើតាមសេចក្តីរាយការណ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង។
ក្នុងសេចក្តីប្រកាសបានឲ្យដឹងថា វាបានកើតឡើងដោយសារតែបញ្ហាខុសបច្ចេកទេរបស់មនុស្ស ក្រោយពេលយន្តហោះបានហោះមកជិតតំបន់របស់កងទ័ពបដិវត្តន៍អ៊ីរ៉ង។
ដំបូងឡើយ អ៊ីរ៉ងបានបដិសេធថា មីស៊ីលរបស់ខ្លួនជាអ្នកធ្វើឲ្យយន្តហោះអ៊ុយក្រែនធ្លាក់ ក្បែរក្រុងតេហេរ៉ង ផ្តាច់ជីវិតមនុស្ស ១៧៦នាក់។
ប៉ុន្តែសម្ពាធបានកើតឡើងខ្លាំងលើអ៊ីរ៉ង ក្រោយពេល មេដឹកនាំអាមេរិច និងកាណាដានិយាយថា ពួកគេជឿជាក់ថា អ៊ីរ៉ងជាអ្នកបាញ់ទម្លាក់យន្តហោះនោះដោយចៃដន្យ។
សូមបញ្ជាក់ថា ការធ្លាក់របស់យន្តហោះអ៊ុយក្រែន កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេល អ៊ីរ៉ងបានធ្វើការវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានទ័ពអាមេរិចនៅអ៊ីរ៉ាក់ ដើម្បីជាការសងសឹក។
យន្តហោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន មុនពេលវាធ្លាក់នៅក្បែរព្រលានយន្តហោះ Imam Khomeini របស់អ៊ីរ៉ង ភ្លាមៗក្រោយពេលហោះឡើង។
ក្នុងចំណោមអ្នកស្លាប់ មានជនជាតិអ៊ីរ៉ងច្រើនជាងគេរហូតដល់ ៨២នាក់ ៥៧នាក់ជាជនជាតិកាណាដា ១១ជាជនជាតិអ៊ុយក្រែន៕