ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឲ្យកម្លាំងសមត្ថកិច្ច ស្រាវជ្រាវបន្ថែមលើករណីជម្លោះវាយតប់ក្នុងសាលាកសិកម្មចំការដូង
ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម ក៏ដូចជាបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវយកព័ត៌មានឲ្យបានច្បាស់លាស់ ទាក់ទងទៅនឹងសិស្សសាលាកសិកម្មចំការដូងដែលបានវាយគ្នា លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងដោយផ្ទាល់ ដើម្បីស្រាវជ្រាវបន្ថែមលើករណីនេះ កម្លាំងសមត្ថកិច្ច បានធ្វើការសាកសួរបន្ថែមជាមួយថ្នាក់ដឹកនាំសាលា និងកំពុងតែស្រាវជ្រាវរកជនបង្កផងដែរ ។
សូមបញ្ជាក់ថា សម័យនេះទៅហើយ នៅមានក្រុមជនទំនើងកេណ្ឌប្រមូលគ្នាមកប្រព្រឹត្តបទល្មើស វាយប្រើហិង្សាគោលដៅចេតនាសម្លាប់ជនរងគ្រោះដល់ថ្នាក់ តែសំណាងជនរងគ្រោះរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីមានការជួយរារាំងឃាត់ក្រុមជនបង្ក ឱ្យបញ្ឈប់សកម្មភាព និងមានសំឡេងស្រែកយ៉ាងកងរំពងពីក្រុមនិស្សិតជាច្រើនអ្នក បានអន្តរាគមន៍ឱ្យលោកគ្រូៗជួយ និងស្រែកឱ្យក្រុមជនបង្កបង្អាក់សកម្មភាព ទើបជនរងគ្រោះបានត្រឹមរងនូវកណ្តាប់ដៃពីជនបង្ក ជាដៃដល់ឈ្មោះ នូច ចាន់ណារិទ្ធ និងឈ្មោះ ណី សៅសុវណ្ណ ដោយដាល់ចំគុម្ពត្រចៀក ចំក្តោងច្រមុះបែកឈាម ងងឹតមុខ ត្រូវមិត្តរួមសាលា ដឹកទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះ។
អំពើដ៏ឃោរឃៅជនដៃដល់ប្រព្រឹត្តជាក្រុមនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅក្នុងបន្ទប់រៀន នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនបង្កើតរបស់លោក ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវកូនក្មួយ និងជាបងជីដូនមួយ ណី សៅសុវណ្ណ ជាមួយនិងក្រុមគូកនចំនួន៣នាក់ទៀត។ រីឯជនរងគ្រោះឈ្មោះ ក្រាម ស៊ីង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា មុនពេលកើតហេតុ ខ្លួនកំពុងនៅក្នុងថ្នាក់បន្ទប់ ៤VMB រៀនមុខវិជ្ជាវេជ្ជសាស្ត្របក្សី ដែលមានលោកគ្រូឈ្មោះ ធីម សុខា ជាអ្នកបង្រៀន លុះដល់ម៉ោង៩៖៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្រាប់តែឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវជាបងឈ្មោះ ណី សៅសុវណ្ណ នាំគ្នាចំនួន៣នាក់ទៀត សម្រុកចូលក្នុងបន្ទប់ថ្នាក់រៀនខាងលើ មកស្រែកសំឡុត និងធ្វើសកម្មភាពក្នុងចេតនាសម្លាប់ ប៉ុន្តែបានលោកគ្រូៗជួយរារាំង និងនិស្សិតរួមថ្នាក់ស្រែកខ្លាំងៗ ជនបង្កឈ្មោះ នូច ចាន់ណារិទ្ធ, ណី សៅសុវណ្ណ និងបក្ខពួក៣នាក់ទៀត បញ្ឈប់សកម្មភាព ហើយខ្លួនរងនូវកណ្តាប់ដៃជនបង្ក ដាល់ត្រូវចំគុម្ពត្រចៀក និងក្តោងច្រមុះបែកហូរឈាម បានមិត្តរួមថ្នាក់ដឹកទៅកាន់មន្ទីរពេទ្យ។
ដោយឡែក ក្រុមជនបង្កត្រូវខាងគណៈគ្រប់គ្រងសាលា ហៅមកសាកសួរបានមួយដង្ហើមចង្រិត នៅការិយាល័យសិក្សា ក៏ឱ្យក្រុមជនបង្កត្រឡប់ទៅផ្ទះវិញ ដោយមិនបានប្រគល់ជនបង្ក ឬហៅសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌នៅជិតនោះ ឃាត់ខ្លួនក្រុមជនបង្កហេតុយកទៅសាកសួរតាមនីតិវិធីនោះឡើយ។ ករណីនេះគេសង្ស័យថា លោកគ្រូៗគណៈគ្រប់គ្រងសាលាមិនផ្តល់ក្រុមជនបង្កឱ្យសមត្ថកិច្ចចាត់ការបន្ត នៃការប្រព្រឹត្តបទល្មើសជាក់ស្តែងនេះ ដោយហេតុផល ជនដៃដល់ជាកូនលោករដ្ឋលេខាធិការ ណី លន់ និងខ្លះទៀតជាក្មួយ ហើយគូកន៣នាក់ទៀតជាអង្គរ័ក្ស។
លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បាននិយាយថា ឈ្មោះ ណី សៅសុវណ្ណ នោះជាកូនខ្ញុំមែន។ គ្នាមិនបានវ៉ៃជនរងគ្រោះទេ គឺបងវាឈ្មោះ នូច ចាន់ណារិទ្ធ ជាអ្នកបង្កហេតុ ដោយសារវាខឹងជំនួសប្អូនកកើតទៅជារឿង។
លោករដ្ឋលេខាធិការបានបន្តថា ធ្វើបែបនេះមិនត្រូវទេ ទោះជាជនរងគ្រោះឆាតសំឡេងគំរាមក៏ដោយ ក៏គេមិនទាន់បានប្រព្រឹត្ត ហើយក៏គ្មានការសងសឹកវ៉ៃគេនោះដែរ ខ្ញុំពិតជាសោកស្តាយអ្វីដែលក្មេងៗគាត់គិតខ្លី បង្កជាជម្លោះប៉ះពាល់ធ្ងន់ធ្ងរណាស់គ្រួសារ និងសង្គម ដូច្នេះហើយខ្ញុំមិនទទួលយកបានទេនូវអំពើខុសច្បាប់។ លោក ណី លី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា៖ រឿងនេះទុកឲ្យខាងសាលាគេធ្វើការចុះ ហើយខ្ញុំក៏ចង់ឲ្យការសម្របសម្រួលគ្នាដ៏ល្អនិងគ្នាដើម្បីបញ្ចប់រឿង។
ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង បានបញ្ជាក់ថា ក្រោយកើតហេតុខ្លួនបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ប៉ុន្តែពុំដឹងថា សមត្ថកិច្ចឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យនេះដែរឬមួយយ៉ាងណា៕