ស្ត្រីរកស៊ីចងការប្រាក់ម្នាក់ ត្រូវបានឃាតករសម្លាប់ ក្នុងផ្ទះល្វែងនៅបុរីមួយ ឯជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន
ភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រូវបានគេប្រឃើញដេកស្លាប់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងបុរីវីឡាថោន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅជាមួយស្រ្តីរងគ្រោះ ជាអ្នកប្រព្រឹត្ត ព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជាមួយគ្នាញឹកញាប់ ហើយកម្លាំងនគរបាល បានហៅមិត្តស្រ្តីដែលស្លាប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ។
ស្រ្តីដែលស្លាប់មានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរ រកស៊ីចងការប្រាក់ និងលក់ការហ្វេ នៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិ ដែលនៅជាប់នឹងខ្លួនមួយចំនួន។
នគរបាល បានឲ្យដឹងថា មុនកើតហេតុពួកគាត់បានទូរស័ព្ទទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។
ក្រុមគ្រួសារជនរងគ្រោះ រាយការណ៍ទៅកម្លាំងនគរបាល ចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថប់ដង្ហើម គឺមានគេយករបស់អ្វីមួយ សង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។
ក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅជាមួយស្រ្តីរងគ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជាមួយគ្នាញឹកញាប់ ភ្លាមកម្លាំងនគរបាលបានហៅមិត្តស្រ្តីដែលស្លាប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់។
ចំណែកមិត្តភក្តិដែលស្នាក់នៅជាមួយ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីរកតម្រុយថា នរណាជាអ្នកសម្លាប់ស្រ្តីនោះ។
លោក ម៉េង វិមានតារា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បានហើយ៕