នារីក្លាហ៊ាន ចាន់រី ដែលវាយនិងគំរាមក្មេងស្រី នៅមេសាង ត្រូវនគរបាលវាយខ្នោះយកទៅសួរចម្លើយ
ភ្នំពេញ៖ ផ្អើលបណ្តាញសង្គម ពីករណីក្រុមយុវតីក្រុមឃាត់ម៉ូតូក្មេងស្រី២ម៉ូតូ ដើម្បីគំរាមឱ្យសុំទោស និងអួតក្អេងក្អាងថា ខ្លួនជាជើងខ្លាំងនៅស្រុកមេសាង ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ។
អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើនបានចែករំលែកវីដេអូ ក្មេងស្រីទំនើងរូបនេះ លុះដល់ថ្ងៃទី១៣ ខែមករាឆ្នាំ២០២០ នេះ នគរបាលបានឃាត់ខ្លួនយុវតីខាងលើបានហើយ។ ក្មេងស្រីជើងខ្លាំងនោះ មានឈ្មោះ ចាន់រី ។ ចំពោះចំណាត់ការរបស់នគរបាលនៅពេលនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមគាំទ្រយ៉ាងខ្លាំង ពិសេសការបង្គ្រាបក្មេងទំនើងតាមភូមិស្រុក ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព។
លោក នៅ ហាច អធិការនគរបាលស្រុកមេសាង បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៣មករានេះថា យុវតីម្នាក់មានរហស្សនាម “បងធំមេសាង ខេត្តព្រៃវែង” ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួន យកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។ លោកថា យុវតីម្នាក់នេះ កន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយ ទើបតែលើកទី១នោះទេ។
តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ។ ហើយមូលហេតុដែលក្រុមយុវតីខាងលើ ស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន។
បើតាមលោក អធិការនគរបាលស្រុកមេសាង ក្រោយឃើញវីដេអូមិនសមរម្យដែលត្រូវបានចែកចាយ ក្នុងលក្ខណៈមិនសមរម្យដែលអាចប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លោកបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវតីខាងលើយកមកសួរនាំ។ យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហស្សនាមថា “បងធំមេសាង” នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បន្ទាប់ពីយុវតីទាំងអស់នោះ មកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។
អធិការនគរបាលស្រុកមេសាង បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីនេះ ហើយមានការធានាពីអាណាព្យាបាល និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ៕