ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែងជិត២គីឡូម៉ែត្រ នៅឃុំព្រែកតានុង ស្រុកកោះសូទិន​ អភិបាលខេត្តសូមអោយប្រជាពលរដ្ឋយោគយល់ ខណៈការដ្ឋានកំពុងដំណើរការ

174

 

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម​ លោក គួច​ ចំរើន​ កាលពីរសៀលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញបើកការដ្ឋានធ្វើផ្លូវបេតុងមួយខ្សែ មានប្រវែង១៦៦០ម៉ែត្រ​ និងទទឹង៧ម៉ែត្រ​ ស្ថិតក្នុងភូមិទី៩ ឃុំព្រែកតានុង ស្រុកកោះសូទិន​ ខេត្តកំពង់ចាម ដោយក្នុងឱកាសនោះលោកអភិបាលខេត្តសូមអោយប្រជាពលរដ្ឋមេត្តាយោគយល់ ខណៈការដ្ឋានកំពុងដំណើរការ ដែលធ្វើអោយរំខានក្នុងការធ្វើដឱណើររបស់បងប្អូន។

លោក គួច​ ចំរើន​ បានលើកឡើងថា​ ផ្លូវបេតុងមួយខ្សែនេះ​ បានការឧបម្ភត្តថវិការបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ កសាងស្ថាបនាធ្វើដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្តកំពង់ចាម​ ផ្ដល់​ជូន​បងប្អូនប្រជាជនដែលរស់នៅ​ក្នុងមូលដ្ឋានឃុំព្រែកតានង់​ ស្រុកកោះសូទិន​ ។

លោកបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋ​មន្ត្រី សម្តេចបានខិតខំប្រឹងប្រែងកសាងនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋ​ តាមមូលដ្ឋានឲ្យកាន់តែរីកចម្រើន​ និងការអភិវឌ្ឍទៅមុខទៀត។ ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ មានផ្លូវ មានក្តីសង្ឃឹម ហើយមានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋភូមិព្រែកតានុង​ បង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹកកសិផលទៅកាន់ទៅផ្សារ ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅកាន់សាលារៀនផងដែរ ។

ជាមួយគ្នា នោះដែរលោកអភិបាល បានសូមបងប្អូនប្រជាពលរដ្ឋ មេត្តាអាធ្យាស្រ័យ និងយោគយល់ នូវផលប៉ះពាល់ទាំងឡាយដែលអាចនឹងកើតមានជាយថាហេតុក្នុងអំឡុងពេលស្ថាបនា ដូចជា ដើមឈើ ដំណាំដាំដុះ របងផ្ទះ រួមទាំងការលំបាកធ្វើដំណើរ និងដឹកកសិផលនានាឆ្លងកាត់ការដ្ឋាននេះ និងសូមអោយអ្នកទទួលការ សហការអោយបានល្អ ប្រកបដោយសីលធម៌ ជាមួយប្រជាពលរដ្ឋ នៅពេលដែលការស្ថាបនា ប៉ះពាល់ទ្រព្យសម្បត្តិឯកជនរបស់ពួកគាត់ និងជួយសម្របសម្រួលនៅពេលដែលពួកគាត់មានរវល់ប្រារព្ធពិធីផ្សេងៗ នៅគេហដ្ឋានរបស់គាត់។ បន្ថែមពីលើនេះទៅទៀតលោកអភិបាលខេត្តក៏បានសុំអោយប្រជាពលរដ្ឋ ចូលរួមត្រួតពិនិត្យ មើលការស្ថាបនាថាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬខុសបច្ចេកទេស ហើយការស្ថាបនានេះមានគុណភាព ដែលយើងអាចទទួលយកបានដែរឬទេ? ប្រសិនបើមានភាពអសកម្មយ៉ាងណា សូមរាយការណ៍ទៅកាន់អាជ្ញាធរដែនដី ឬមកកាន់លោកផ្ទាល់តែម្តង សំដៅធ្វើយ៉ាងណាអោយកំណាត់ផ្លូវមួយខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូអង្វែង។

  លោកអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា​ ដើម្បីរក្សាភាពសុខសាន្ត រុងរឿងរបស់យើង ដូចនេះយើងត្រូវរួមគ្នារក្សា ឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់យើងបន្តទៀត កុំឲ្យជឿនូវពាក្យញុះញង់របស់ក្រុមមនុស្សមួយចំនួន ដែលមានគោលបំណងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា តាមរយៈមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃខាងមុខ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោត​ នាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន​៕

 

អត្ថបទដែលជាប់ទាក់ទង