ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីប៉ូលីសប៉ុស្តិ៍ផ្សារដើមគរ ដែលត្រូវក្រុមផឹកស៊ីកាប់ឲ្យរបួសធ្ងន់ ពេលចុះបំពេញភារកិច្ច ទទួលបានការយកចិត្តទុកដាក់ពីលោកអធិការនិងស្នងការរាជធានី

100

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយលោកស្នងការរង លោកអធិការ លោកអធិការរងនគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឃិន ទិត មន្រ្តីប៉ុស្តិ៍នគរបាលផ្សារដើមគរ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពេលដែល មន្ត្រីប៉ូលីសរងគ្រោះរូបនេះបានរងរបួសធ្ងន់ ក្នុងប្រតិបត្តិការ ជួយប្រជាពលរដ្ឋតាមបណ្តឹងភ្លាមៗ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាននាំយកថវិកាចំនួន៥លានរៀល ជូនដល់លោកអនុសេនីយ៍ឯក យិន ទិត ដែលជាជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ លើសពីនេះ នាយឧត្តមសេនីយ៍ ក៏បានជួយសម្រួលការងារតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ ក្នុងការធ្វើលិខិតឆ្លងដែនជូនរងគ្រោះឲ្យបានឆាប់ ដើម្បីបន្តយកទៅព្យាបាលនៅក្រៅប្រទេស។

លោកវរសេនីយ៍ឯក ហ៊ុន សុធី ក៏បានឲ្យអ្នកសារព័ត៌មានដឹងថា នៅថ្ងៃម្សិលមិញ បន្ទាប់ទទួលដំណឹងអំពីករណីគ្រោះថ្នាក់របស់លោកអនុសេនីយ៍ឯក យិន ទិត រូបលោករួមជាមួយលោកអធិការរង និងនាយប៉ុស្តិ៍ទឹកល្អក់៣ បានចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឃិន ទិត នៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង  និងបាននាំយកថវិការចំនួន១លានរៀល និងលោកនាយប៉ុស្តិ៍ចំនួន១០ម៉ឺនរៀល ជូនដល់លោកអនុសេនីយ៏ឯក ឃិន ទិត ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រៅពីថវិកាខាងលើនេះ ក៏មានសប្បុរសជនផ្សេងទៀតជួយឧបត្ថម្ភដល់ជនរងគ្រោះផងដែរ អភិបាលខណ្ឌទួលគោកចំនួន២០០ដុល្លារ និងថវិកាប៉ុស្តិ៍នគរបាលផ្សារដើមគរ ១លានរៀល។

ជាមួយគ្នានេះ ក្រុមគ្រួសារជនរងគ្រោះ សូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនគរបាលនៃស្នងការដ្ឋានរាជធានី ដែលបានយកចិត្តទុកដាក់ដល់ថ្នាក់ក្រោម និងមិត្តនគរបាលទាំងអស់ ដែលបានជួយជាកំលាំងចិត្ត និងថវិកាសម្រាប់ព្យាបាលសង្គ្រោះជីវិត។

សូមជម្រាបថា លោក ឃិន ទិត មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស កាលពីវេលា​ម៉ោង​៣និង៣០នាទីរសៀល ថ្ងៃ​ទី​២២ ខែកក្កដា ​ឆ្នាំ​២០១៨ សិ្ថតក្នុងសង្កាត់​ផ្សា​រដើមគរ ខណ្ឌទួលគោល រាជធានី​ភ្នំពេញ ហើយជនសង្ស័យ២នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ។

ពាក់ករណីនេះ  មន្ត្រីប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានរំលឹកអោយដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៤និង០០នាទី ជនរងគ្រោះ ឈ្មោះ គិត ម៊ឺន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បានបើកម៉ូតូកង់បី ចូលមកផ្លូវលេខ២៤៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីរងចាំដឹកម៉ូយ ពេលជិះមកដល់ចំណុចមុខផ្ទះលេខ១១ (ផ្ទះលក់ចាប់ហួយ ) លើផ្លូវលេខ២៤៣ ក្រុម ទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ផ្លូវរាងតូចចង្អៀតជនរងគ្រោះឈ្មោះ គិត ម៊ឺន បានបើកម៉ូតូកង់បីប៉ះកៅអី របស់ជនសង្ស័យឈ្មោះ  លាង សារ៉ាត់ ហៅ រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ  , ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ពយ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ រួមនិងបក្សពួក០៣នាក់ទៀត(មិនស្គាល់ឈ្មោះ ) កំពុងអង្គុយផឹកស្រាបៀរ GANZ BERG នៅជាប់ផ្លូវ ពេលនោះជនសង្ស័យឈ្មោះ លាង សារ៉ាត់ បាននិយាយទៅកាន់ជនរងគ្រោះ ជាអ្នកបើកម៉ូតូកង់បីថា អ្ហែងបើកកង់បីអត់សុំផ្លូវទេ អី ភ្លាមនោះឈ្មោះ គិត ម៊ឺន បាននិយាយតបវិញថា ចុះអ្ហែងចង់ម៉េច ហើយជនរងគ្រោះក៏បើកម៉ូតូកង់បីទៅមុខបានប្រហែល៣០ម៉ែត្រ ស្រាប់តែជនសង្ស័យឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ និងបក្សពួកកំពុងផឹកបាននាំគ្នានោះ ក្រោកដើរសំដៅទៅរកឈ្មោះ គិត ម៊ឺន រួចជនសង្ស័យឈ្មោះ លាង សារ៉ាត់ បាន វាយដោយដៃចំនួន០២ដៃ បណ្ដាលឲ្យត្រូវថ្ពាល់ខាងឆ្វេង  ពេលវាយរួចជនសង្ស័យឈ្មោះ លាង សារ៉ាត់ , ឈ្មោះ ឈិន ពិសិដ្ឋ និងឈ្មោះ ពយ ក៏បាននាំគ្នាទៅផឹកស៊ីបន្តនៅកន្លែងលក់ល្ហុង របស់បក្សពួកឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ នៅលើផ្លូវ លេខ២៣៩ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ពេលនោះជនរងគ្រោះឈ្មោះ គិត ម៊ឺន ក៏បានទៅប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយជនសង្ស័យឈ្មោះ លាង សារ៉ាត់ និងបក្សពួកវាយមកលើខ្លួន  ភ្លាមនោះកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរចំនួន០២ ទី១-ឈ្មោះ ឃិន ទិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ងួន មឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយពីរនាក់ និងជនរងគ្រោះ ឈ្មោះ គិត ម៊ឺន បានទៅដល់កន្លែងជនសង្ស័យឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ , ឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិដ្ឋ និងឈ្មោះ ពយ កំពុងអង្គុយផឹក  ខណៈនោះ ឈ្មោះ ឃិន ទិត បានចុះទៅដល់ជាមួយជនរងគ្រោះ ហើយបានហៅ ឈ្មោះ លាង សារ៉ាត់ មកជួបនិងសម្រួលជាមួយជនរងគ្រោះ ឈ្មោះ គិត ម៊ឺន រឿងវាយមួយដៃលើជនរងគ្រោះ ភ្លាមនោះ ជនសង្ស័យឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិដ្ឋ បានប្រើពាក្យសំដីប្រមាថមកលើកំលាំងសមត្ថកិច្ចឈ្មោះ ឃិន ទិត ថា ពួកអ្អែងអាប៉ូលិសក្បាលមាន់ចែហ្នឹងសុទ្ធតែកូនចៅអញ់ អ្ហែងមកប៉ុន្មាននាក់ ភ្លាមនោះក៏មានការប្រតាយប្រតប់គ្នាជាមួយឈ្មោះ ឃិន ទិត ទៅវិញទៅមក រួចហើយជនសង្ស័យឈ្មោះ ឈិន ពិសិដ្ឋ និងឈ្មោះ ពយ បានធ្វើសកម្មភាព យកកាំបិតបុ័ងតោចំនួន០២ និងដំបងឬស្សីមួយប្រហែល១ម៉ែត្រជាង ដោយឈ្មោះ ឈិន ពិសិដ្ឋ ជាអ្នកកាន់កាំបិតបុ័ងតោពីរនៅនឹងដៃ ចំណែកឈ្មោះ ពយ បានកាន់ដំបងឬស្សី ដេញ កាប់និងវាយ កំលាំង យើងឈ្មោះ ឃិន ទិត រហូតមកដល់ចំណុច មុខសាលាភាសាអង់គ្លេស រ៉ូយ៉ាល់អីនធើខន លើផ្លូវលេខ២៣៨ កែងផ្លូវលេខ២៣០ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ជនសង្ស័យឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិដ្ឋ និងឈ្មោះ ពយ ក៏បាន កាប់ទៅលើឈ្មោះ ឃិន ទិត ជាច្រើនកាំបិត បណ្ដាលឲ្យរងត្រូវចំនួន៩កន្លែង របួសធ្ងន់ ភ្លាមនោះកំលាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិដ្ឋ និងបន្តឃាត់ឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ និងចាប់យកវត្ថុតាង កាំបិតបុ័ងតោដងឈើចំនួន០២ ពីឈ្មោះ ឈិន ពិសិដ្ឋ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តែម្ដង ។ ចំណែកឈ្មោះ ឃិន ទិត ក៏ត្រូវបានកំលាំង មានសមត្ថកិច្ចដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង ។ ឯឈ្មោះ ពយ បានរត់គេចខ្លួនបាត់ ។

    បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិន ពិសិដ្ឋ ហៅ សិដ្ឋ និងឈ្មោះ លាង សារ៉ាត់ ហៅ រ៉ាត់ សមត្ថកិច្ចបានយក ទឹកនោមជនសង្ស័យទាំងពីររូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព អវិជ្ជមាន ។
    បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង