យុវជនជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឃ រីកចម្រើន ដូច្នេះត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានមានប្រសាសន៍លើកឡើងថា យុវជនជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឃ រីកចម្រើន ដូច្នេះយុវជនទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។
មានប្រសាសន៍ណែនាំបែបនេះរបស់លោក គួច ចំរើន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែកក្កដានេះ ខណៈដែលលោក បានអញ្ជើញចូលរួមគោរទង់ជាតិនិងជួបសំណេះសំណាលជាលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទូទាំងសាលាបឋម-វិទ្យាល័យសំបួរមាស នៅសាលាបឋម-វិទ្យាល័យសំបួរមាស សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានផ្សព្វផ្សាយបញ្ហាចំនួន២ ដើម្បីអោយសិស្សានុសិស្សចូលរួមទប់ស្កាត់និងជៀសអោយឆ្ងាយនោះ គឺ បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអត្រាអ្នកស្លាប់អោយនៅក្នុងកម្រិតទាប។
លោក គួច ចំរើន បានលើកឡើងថា លោកគ្រូ-អ្នកគ្រូគឺជាអ្នកមានគុណរបស់យើងទី២ បន្ទាប់ពីអាណាព្យាបាលដោយបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនផ្តល់នូវដំបូន្មានល្អៗ ការអប់រំ ចំណេះវិជ្ជា ស្មារតី ដោយមិនគិតចង់បានអ្វីតបស្នងមកវិញឡើយ ពោលគឺធ្វើយ៉ាងណាឲ្យតែសិស្សានុសិស្សទទួលបានចំណេះដឹងខ្ពង់ខ្ពស់អាចប្រកបមុខរបរចិញ្ជឹម ឬយកទៅអនុវត្តន៍ការងារជាប្រចាំថ្ងៃកាន់តែរីកចម្រើន។ ដូច្នេះ
ក្នុងនាមសិស្សានុសិស្សគួរតែស្តាប់ការអ់រំណែនាំរបស់លោកគ្រូ-អ្នកគ្រូ និងចូលរួមការងាររបស់សង្គមក្នុងពេលធ្វើដំណើរត្រូវតែពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់តាមដងផ្លូវ និងលុបបំបាត់អ្នកញៀនសារធាតុញៀនផងដែរ។ យើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋ ដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
លោកបន្តទៀតថា យុវជនគឺជាឆ្អឹងខ្នងនៃប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិ។
លោក គួច ចំរើន ក្ន៧ងឱកាសនោះក៏បានស្នើដល់លោកគ្រូ-អ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានតាមមូលដ្ឋាន និងធ្វើការលើកឡើងលើបញ្ហាគ្រោះថ្នាក់ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់នៅបឋមសិក្សា និងវិទ្យាល័យសំបួរមាស ក្រុងកំពង់ចាម លោកបានជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕






