ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គឹម សន្តិភាព៖ ការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោត ជាទង្វើនេះ ជាបទល្មើសក្នុងច្បាប់បោះឆ្នោត

117

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺជាការរារាំង

ឬទប់ស្កាត់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ដែលទង្វើនេះជាបទល្មើសក្នុងច្បាប់បោះឆ្នោត។

តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៤ខែកក្កដានេះ លោក គឹម សន្តិភាព បានលើកឡើងនេះថា “សូមជម្រាបជូនថា៖ ការអំពាវនាវកុំឲ្យពលរដ្ឋប្រើប្រាស់គ្រឿងញៀន ជាការរារាំង និងទប់ស្កាត់មិនអោយពលរដ្ឋប្រើប្រាស់គ្រឿងញៀន

ដែលអំពើរារាំងនេះពុំមែនជាបទល្មើសនោះទេ ព្រោះគ្មានច្បាប់ចែង។ រីឯការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ក៏ជាការរារាំង និងទប់ស្កាត់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតផងដែរ តែអំពើរារាំងនេះ គឺជាបទល្មើសដែលមានចែងក្នុងច្បាប់ ត្រង់មាត្រា១៤២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំណត់ផាកពិន័យជាប្រាក់ពី៥លាន ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តែបើការរារាំងនេះមានភ្ជាប់ជាមួយនូវអំពើហឹង្សា ឬគំរាមគំហែង នោះជាអំពើល្មើសបន្ថែមទៀត ដែលកំណត់ឲ្យផ្តន្ទាទោសក្នុងច្បាប់ព្រហ្មទណ្ឌ ជាពិសេសក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា​ ហេតុនេះ ការរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាបទល្មើស ដែលមានច្បាប់ចែងច្បាស់លាស់ ទាំងក្នុងច្បាប់បោះឆ្នោត និងច្បាប់ព្រហ្មទណ្ឌ ត្រង់ថាអនុវត្តតាមច្បាប់ណា ជាក់ស្តែង គឺអាស្រ័យលើសកម្មភាពនៃអំពើរារាំងនោះតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង