ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC ៖ អនុម័តគម្រោងវិនិយោគជាង២ពាន់លានដុល្លារក្នុងខែមិថុនា

137

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៣ ដែលមានទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែមិថុនា ឆ្នាំ២០១៨នេះ មានគម្រោងវិនិយោគថ្មីៗចំនួន១៣ ដែលមានទុនវិនិយោគជាង២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារថ្មីជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១,៨ម៉ឺនកន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការ ។
គម្រោងវិនិយោគទាំងនេះមានដូចជា ៖
១-គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ របស់ក្រុមហ៊ុន WUA TAI (CAMBODIA) GARMENT CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៨៥៨កន្លែង ។

២-គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (ជ្រូក មាន់ ទា) និងរោងចក្រកែច្នៃសាច់ របស់ក្រុមហ៊ុន GR FOOD (CAMBODIA) CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣០,៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៦១កន្លែង ។

៣-គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន HAI SHENG STEEL CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣១,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០៦កន្លែង ។

៤-គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) និងសាងសង់រោងចក្រកែច្នៃ របស់ក្រុមហ៊ុន KAMPONG SPEU PLANTATION CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨៥,៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២.២៩០កន្លែង ។

៥-គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល សៀមរាប-ឧត្តរមានជ័យ អនុស្ថានីយឧត្តរមានជ័យ និងអនុស្ថានីយបែកចាន (ពោធិ៍សែនជ័យ) របស់ក្រុមហ៊ុន SCHNEITEC ENERGY CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគប្រមាណ ៨០,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤១៣កន្លែង ។

៦-គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៨៦,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១.៨៤៨កន្លែង ។

៧-គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន១៤៩បន្ទប់ និងរីសត របស់ក្រុមហ៊ុន HEIN LI PROPERTIES CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៣៩,៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៤១កន្លែង ។

៨-គម្រោងបង្កើតរោងចក្រនំស្រួយ និងអាហារសម្រន់ របស់ក្រុមហ៊ុន LYLY KAMEDA Co., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១៣៧កា១ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៩,១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៥៣កន្លែង ។

៩-គម្រោងបង្កើតរោងចក្រអាជីវកម្មថ្មអារ (ថ្មម៉ាប) របស់ក្រុមហ៊ុន CAPITAL MINERAL RESOURCES INVESTMENT CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ១១,៩៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៧៣កន្លែង ។

១០-គម្រោងសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្មផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ «BOT» របស់ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO., LTD. មានទុនវិនិយោគប្រមាណ១,៨៧ប៊ីលានដុល្លារអាមេរិក (១,៨៧ពាន់លានដុល្លារ) និងអាចបង្កើតការងារបាន៩.៥១៥កន្លែង។

១១-គម្រោងបង្កើតរោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ របស់ក្រុមហ៊ុន ROYAL CERA CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ១៥,៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១.២២៤កន្លែង ។

១២-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ របស់ក្រុមហ៊ុន TROPICAL FRUIT ASIA (CAMBODIA) CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២៧ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣៨០កន្លែង ។

១៣-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន JOINT FORCE SPORTING GOODS (CAMBODIA) CO., LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៣០កន្លែង ៕\

អត្ថបទដែលជាប់ទាក់ទង