ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ទទួលរថយន្តបំពាក់ម៉ាស៊ីនបូមទឹក២គ្រឿង ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

85
ភ្នំពេញ៖ រថយន្តបំពាក់ដោយម៉ាស៊ីនបូមទឹកចំនួន២ គ្រឿងដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបូមទឹកជន់លិចនៅក្នុងតំបន់នានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនេះក៏ជាជំនួយក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ ផងដែរ ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។
  ពិធីប្រគល់និងទទួលខាងលើនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ១៣ កុម្ភៈឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង លោក យូអុីជី ស៊ូហ្កាណូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា រថយន្តដែលបំពាក់ម៉ាស៊ីនបូមទឹកចំនួនពីរគ្រឿងនេះ ស្ថិតក្នុងគម្រោងជំនួយការពារទឹកជំនន់និងការកែលំអ ប្រព័ន្ធលូ នៅ
ក្នុងរាជធានីភ្នំពេញជំហានទី៤ ក្រោមគ្រប់ខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។ លោកបន្តថា នេះគឺជាការផ្គត់ផ្គង់គ្រឿងចក្រជាលើកទី២  បន្ទាប់ពី ផ្គត់ផ្គង់រថយន្តបូមទឹកសំអាត បណ្ដាញលូចំនួន ៤គ្រឿងនិងរថយន្តបាញ់លាង សម្អាតចំនួន ៤ គ្រឿងស្ថិតក្នុងគម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញជំហានទី ៣ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១៥។
   លោក យូអុីជី ស៊ូហ្កាណូ បានមានប្រសាសន៍ឲ្យដឹងថាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយក្នុងរាជនីភ្នំពេញជំហានទី៤ បានចាប់ផ្តើមឡើងកាលពីខែធ្នូឆ្នាំ២០១៨ ហើយគ្រោងនេះនឹងបញ្ចប់នៅក្នុងខែ១០ ឆ្នាំ ២០២១ ។
   លោកបានបញ្ជាក់ផងដែរថា ទោះបីជាយើងបានខិតខំបំពេញការងារជុំវិញការរំដោះទឹកជំនន់ចេញពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែការកើតឡើងនូវការលិចលង់ដោយទឹកជំនន់នេះនៅតែកើតមានដែលតម្រូវឲ្យក្រុមការងារ jica នៅកាន់បង្កការអនុវត្តគម្រោងរបស់ខ្លួនដើម្បីធ្វើយ៉ាងណារំដោះទឹកចេញពីរាជធានីភ្នំពេញ។
  ក្រៅពីការងារនេះ jica ក៏បានផ្ដល់នូវការបណ្ដុះបណ្ដាលពីមន្ត្រីបច្ចេកទេសដល់មន្ទីរសាធារណ
ការនិងដឹកជញ្ជូនរាជធានីភ្នំពេញផងដែរ។
    លោកបញ្ជាក់ថា ចំពោះរថយន្ត ២គ្រឿង ដែលប្រគល់ជូននេះ មានកម្លាំងខ្លាំងរហ័សលឿនដែល អាចបូមទឹករំដោះការលិចលង់ នៅក្នុងរាជធានីភ្នំពេញនិងអាចប្រើប្រាស់បានយូរអង្វែងផងដែរ។
  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។លោក ឃួង ស្រេងមានប្រសាសន៍លើកឡើងថា រថយន្តដែលបំពាក់ម៉ាស៊ីនបូមទឹកដែលទទួលពីជប៉ុននៅពេលនេះ គឺក្នុងមួយគ្រឿងមានសមត្ថភាពបូមទឹកបាន៣០ម៉ែត្រគុប
ក្នុង១នាទី និងទុយោបង្ហៀរប្រវែង ៣០០ ម៉ែត្រសម្រាប់ចល័តបូមទឹកភ្លៀង ដែលជន់លិច ហើយបង្ហូរចូលប្រឡាយបឹងដែលនៅជិត ដើម្បីបង្ការកុំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងរថយន្តមួយគ្រឿងបំពាក់ម៉ាស៊ីនភ្លើងនិងគ្រឿងម៉ាស៊ីនបូមទឹកចំនួន ៦គ្រឿង និងទុយោបង្ហៀរ៥០ម៉ែត្រសម្រាប់ម៉ាស៊ីនបូមទឹកនីមួយៗ។ សម្រាប់ប្រតិបត្តិការម៉ាស៊ីនបូមទឹក គឺអាចបូមស្របគ្នាឬដោយឡែកពីគ្នា ទាំង ៦គ្រឿងដែលមានទុយោបង្ហៀរចំនួន៦ ខ្សែឬក៏អាចបូមបន្តគ្នាចំនួនពីរគ្រឿង ដែលមាន ទុយោបបង្ហៀរចំនួន៣ គ្រឿងសម្រាប់ទីតាំងបង្ហូរចេញនៅឆ្ងាយឬកន្លែងបូមមានជម្រៅជ្រៅ៕
អត្ថបទដែលជាប់ទាក់ទង