ពិនិត្យលើផែនការសកម្មភាពទេសចរណ៍ចំពោះមុខ ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (CoVid-19)
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១២ កុម្ភៈ ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យលើផែនការសកម្មភាពទេសចរណ៍ចំពោះមុខ ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (CoVid-19) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញទេសចរណ៍ និងថ្នាក់ដឹកនាំរបស់សមាគមន៍ឧស្សាហកម្មទេសចរណ៍ទាំងអស់។
ក្នុងកិច្ចប្រជុំ បានឯកភាពដាក់ចេញផែនការសកម្មភាពមួយ ដោយមានដាក់ចេញជាវិធានការរយៈពេលខ្លី និងវែង ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន៤ អមជាមួយសកម្មភពការងារ ចំនួន ៧៦។
លោករដ្ឋមន្រ្តី បានដាក់គោលដៅយុទ្ធសាស្រ្តទាំង ៤ មានដូចជា ១ ធ្វើឲ្យកាន់តែប្រសើរឡើងនូវរូបភាពគោលដៅទេសចរណ៍កម្ពុជា គឺជាគោលដៅសុវត្ថិភាព ២ ជំរុញចលនាទេសចរណ៍ក្នុងស្រុក ៣ បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ (Connectivity) ពីទីផ្សារទេសចរណ៍គោលដៅ ៤ បង្កើតឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មទេសចរណ៍។
ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបនឹងសកម្មភាពទី១ នៃគោលដៅយុទ្ធសាស្ត្រទី១ គឺ អង្គប្រជុំបានអនុម័តសេចក្តីណែនាំ (recommendation) ចំនួន ០៦ សម្រាប់ការអប់រំ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងវីរុស ដល់ មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងនោះរួមមាន៖ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់សម្រាប់មគ្គុទេសក៍ទេសចរណ៍ (Tour Guides) និងអ្នកនាំភ្ញៀវ (Tour Leaders)។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកម៉ាស្សា និងអ្នកគ្រប់គ្រងស្ប៉ា-ម៉ាស្សា
។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍ផងដែរ។
តាមរយៈសេចក្តីណែនាំនេះ ក្រសួងទេសចរណ៍នឹងសហការជាមួយក្រសួងសុខាភិបាល រៀបចំបណ្តុះបណ្តាលជនបង្គោលយ៉ាងតិច ១ នាក់នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗ។
ដោយឡែកក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានក្រុមការងារគ្រប់គ្រងវិបត្តិ ថ្នាក់ក្រសួង ក្រុម Task forces មួយចំនួនដែលដឹកនាំដោយរដ្ឋលេខាធិការ ឬ អនុរដ្ឋលេខា និងក្រមមន្ត្រីជំនាញ និងមានក្រុមការងារគ្រប់គ្រងវិបត្តិតាមរាជធានី-ខេត្ត។
តាមការគ្រោងទុក ក្រសួងទេសចរណ៍ គ្រោងនឹងដាក់ផែនការសកម្មភាពនេះ ជូនទៅគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងគោរពដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សម្រេចសំដៅទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (CoVid-19 នេះឲ្យបានទាន់ពេល និងក្រោយដំណាក់កាលវិបត្តិឲ្យមានប្រសិទ្ធភាព៕