សមាជិកសហគមន៍ព្រៃឡង់ត្រូវបានហាមឃាត់ដោយអាជ្ញាធរ
ព្រៃឡង់ ៖ នារសៀលថ្ងៃទី២១កុម្ភៈនេះ សមាជិកសហគមន៍ សកម្មជនបរិស្ថាន ព្រះសង្ឃ និងបុគ្គលិកអង្គការសង្គមស៊ីវិល រាប់រយនាក់ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់។ អ្នកចូលរួមជាច្រើនក្រុមត្រូវបានបញ្ឈប់ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ទីតាំងពិធីបុណ្យបំបួសព្រៃឡង់ប្រចាំឆ្នាំដែលបានគ្រោងទុក ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការអភិរក្សតំបន់ព្រៃការពារធំជាងគេនៅកម្ពុជានេះ។ នេះបើតាមការផ្សាយរបស់អង្គការលីកាដូ។
អាជ្ញាធរមកពីក្រសួងបរិស្ថាន និងមន្ត្រីមូលដ្ឋាន ដែលមួយចំនួនប្រដាប់ដោយកាំភ្លើង បានប្រាប់ទៅក្រុមសហគមន៍ទាំងបួនខេត្តថា ចាំបាច់តម្រូវឱ្យមានការអនុញ្ញាតពី “ថ្នាក់លើ” ទើចអាចចូលទៅកាន់ព្រៃឡង់បាន និងបានទាមទារឱ្យមាន “លិខិតអនុញ្ញាតជាផ្លូវការ” ពីអ្នកចូលរួមទាំងនេះ។ ការអនុញ្ញាតនេះ មិនបានតម្រូវនៅក្នុងច្បាប់ទេ។
អ្នកចូលរួមមួយចំនួន ក៏បានរាយការណ៍ផងដែរថា អាជ្ញាធរក្នុងតំបន់បានគំរាមកំហែងអ្នកភូមិក្នុងមូលដ្ឋាន ដើម្បីដាក់សម្ពាធលើអ្នកទាំងនោះកុំឱ្យអនុញ្ញាតឱ្យអ្នកចូលរួមសម្រាកនៅក្នុងភូមិរបស់អ្នកទាំងនោះ អំឡុងពេលដែលពួកគាត់ធ្វើដំណើរ ឬចូលរួមក្នុងពិធីបុណ្យ ដែលមានរយៈពេលពីរថ្ងៃនេះ។
ផ្ទុយពីសកម្មភាពនៅថ្ងៃនេះ កាលពីសប្ដាហ៍មុន មន្ត្រីបរិស្ថានជាង៥០០នាក់ មកពីក្រសួងបរិស្ថានបានប្រារព្ធពិធីមួយនៅតំបន់ព្រៃឡង់ និងបានលើកទឹកចិត្តយុវជន និងសមាជិកសហគមន៍ ឱ្យចូលរួមចាត់វិធានការ ដើម្បីជួយអភិរក្សព្រៃដ៏ធំ ដែលមានខេត្តចំនួន៤នេះរួមមាន ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
កាលពីឆ្នាំ២០១៨ សមាជិកសហគមន៍ត្រូវបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះផងដែរ ដោយសារការគំរាមកំហែងពីសំណាក់អាជ្ញាធរ។ នៅពេលនោះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា មិនមានការភ័យខ្លាចបែបនេះទេ និងបានឆ្លើយតបទៅអ្នកសារព័ត៌មានថា ក្រសួងរបស់លោកចង់ឱ្យមានការសហការគ្នា ដើម្បីការពារព្រៃ៕