ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីទេសចរណ៍៖កម្ពុជា នៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាពសុវត្ថិភាពផ្តល់ភាពកក់ក្តៅ

98

(បាត់ដំបង)រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តមថោងខុនបានសង្កត់ធ្ងន់ថាកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាពសុវត្ថិភាពផ្តល់ភាពកក់ក្តៅ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេនៅសាលាខេត្តបាត់ដំបងនាថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងតែខិតខំប្រយុទ្ធប្រឆាំងជាមួយជំងឺCovid-19 ដើម្បីទាក់ទាញកំណើនទេសចរដែលកំពុងមានការធ្លាក់ចុះមកវិញខណៈកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាពសុវត្ថិភាពផ្តល់ភាពកក់ក្តៅគ្មានការភ័យព្រួយរឿងឆ្លងជំងឺនេះឡើយព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគ្រប់ផ្នែកគ្រប់ជំនាញពិសេសជំនាញសុខាភិបាលបានធ្វើការដោយហ្មត់ចត់ប្រកបដោយសីលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចសម្រាប់មនុស្សជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថាភ្ញៀវទេសចរមកពីកប៉ាល់Westerdam សុទ្ធតែបានសម្ដែងនូវការកោត

សរសើរចំពោះកម្ពុជាដែលបានផ្តល់នូវបដិសណ្ឋារកិច្ចស្វាគមន៍គ្រប់ទីកន្លែងនិងផ្តល់ភាពកក់ក្តៅដល់ពួកគេ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាដើម្បីសម្រេចបានកំណើនទេសចរមកវិញកម្ពុជាបានខិតខំជំរុញចលនាទេសចរក្នុងស្រុកខិតខំពង្រីកការផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិនានាខិតខំបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា។

ជាក់ស្ដែងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងនេះក៏ជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយដែរដែលនឹងចូលរួមចំណែកជំរុញចលនាទេសចរក្នុងស្រុកនិងទាក់ទាញទេសចរអន្តរជាតិមួយចំនួនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យពង្រីការផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យទន្លេទៅដល់ទីផ្សារទេសចរណ៍ក៏ដូចជាទៅដល់ប្រជាពលរដ្ឋក្នុងប្រទេសឱ្យកាន់តែខ្លាំងជាងមុនដើម្បីចូលរួមចំណែកក្នុងការជំរុញចលនាទេសចរក្នុងប្រទេសស្របដែលមានវិបត្តិនៃការរីករាលដាលជំងឺCovid-19 ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយថាប្រទេសខ្លួនជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅនិងសុវត្ថិភាពមិនភ័យព្រួយពីបញ្ហាឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដូចប្រទេសដទៃឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីថោងខុនបានបង្ហាញការរំពឹងទុកថាពីធីបុណ្យទន្លេនៅខេត្តបាត់ដំបងនៅឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរមិនតិចជាង១លាននាក់ដោយរំពឹងទទួលបានចំណូលក្នុងរង្វង់៥០លានដុល្លារ(ទេសចរម្នាក់ចាយមិនក្រោម៥០ដុល្លារ) ពីព្រោះខេត្តបាត់ដំបងជាគោលទេសចរណ៍ទី២មានសក្ដានុពលទេសចរណ៍គួរឱ្យទាក់ទាញនិងមានបន្សល់នូវសម្បត្តិបេតិកភណ្ឌជាច្រើនសម្បូរបែបម្យ៉ាងនៅជិតគោលដៅទេសចរណ៍សៀមរាបអង្គរថែមទៀតហើយអាចមានលំហូរពីខាងប្រទេសថៃ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់អនុគណៈកម្មការកីឡាអញ្ជើញក្រុមកីឡាករគុនសៅលីញពីប្រទេសចិនឱ្យចូលរួមសម្ដែងប្រកួតក្នុងពិធីបុណ្យទន្លេដើម្បីឱ្យព្រឹត្តិការណ៍កីឡាកាន់តែអធិកអធមក្រៅពីកីឡាប្រដាល់គុនខ្មែរនិងកម្មវិធីកីឡាជាច្រើនទៀត។

ឯកឧត្តមបានណែនាំឱ្យមានការឃោសនាផ្សព្វផ្សាយពីការសម្ដែងសិល្បៈរបាំល្ខោនបាសាក់ការប្រគំតន្ត្រីដល់ប្រជាពលរដ្ឋនៅតាមភូមិស្រុកជនបទដើម្បីឱ្យប្រជាជនបានទស្សនាការសម្ដែងសិល្បៈល្អៗមកពីថ្នាក់ជាតិនិងផ្សព្វផ្សាយពីវប្បធម៌ជាតិដល់ពួកគេផងដែរ។

ត្រូវខិតខំរៀបចំវិថីម្ហូបអាហារឱ្យបានត្រឹមត្រូវដើម្បីបម្រើសេវាម្ហូបអាហារជូនភ្ញៀវទេសចរដែលមកទស្សនាពិធីបុណ្យទន្លេស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយរដ្ឋមន្ត្រីដែលមានបញ្ជាក់ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេនិងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត។

មួយវិញទៀតឯកឧត្តមរដ្ឋមន្ត្រីថោងខុនបានជំរុញឱ្យរៀបចំការតាំងបង្ហាញពីផលិតផលទេសចរណ៍ផលិតផលឬម្ហូបអាហារដែលផលិតបានក្នុងខេត្តក្នុងស្រុកឱ្យលក់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកទស្សនាបុណ្យទន្លេសំដៅជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈការរៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង