ផ្ទុះការវាយគ្នារវាងក្រុមកងវិស្វកម្ម និងប្រជាពលរដ្ឋនៅស្រុកពាមជរ ដោះស្រាយកំហឹងពីយប់ សមត្ថកិច្ចចាប់មន្រ្តីយោធាកងវិស្វកម្មម្នាក់
ព្រៃវែង៖ យោតាមសេចក្តីរាយការណ៍ពីពលរដ្ឋ បានឲ្យដឹងថា នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីហឹង្សាបានកើតឡើងនៅចំណុចភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
បង្កឡើងដោយក្រុមកងវិស្វកម្ម ក្រសួងការពារជាតិ មានជាង១០នាក់ បានលើកគ្នាមកវាយក្រុមប្រជាពលរដ្ឋដល់ផ្ទះ ដែលរស់នៅភូមិឃុំខាងលើ ឲ្យមានរបួសទាំងសងខាង។ មូលហេតុទំនាស់ពាក្យសំដីពេលរាំងធុងបាស់កាលពីយប់ថ្ងៃទី២២កុម្ភៈ ហើយលុះដល់ថ្ងៃទី២៣កុម្ភៈ ពួកគេក៏ជួបគ្នា ហើយវាយគ្នាតែម្តងដើម្បីជម្រះបញ្ជីពីយប់។
ករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិ ម្នាក់ឈ្មោះ សោ សុផល ហៅស្វិត អាយុ២៦ឆ្នាំ ហើយបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងតាយ៉ង។
នគរបាលស្រុកពាមជរ បានឲ្យដឹងថា មានករណីបង្កអំពើហិង្សាមួយបានកើតឡើង បង្កដោយក្រុមកងវិស្វកម្មក្រសួងការពារជាតិ មានគ្នីគ្នាប្រមាណ ១០នាក់ បានលើកគ្នាមកវាយក្រុមប្រជាពលរដ្ឋ ដល់ផ្ទះដែលរស់នៅភូមិឃុំខាងលើ បណ្តាលរងរបួសទាំងសងខាង។
កម្លាំងនគរបាលស្រុកពាមជរ បានប្រគល់ជនសង្ស័យជាមន្ត្រីយោធា ឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធទៅនិងករណីនេះដែរ លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរ បានប្រាប់កាសែតក្នុងស្រុកមួយថា ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុក រួមជាមួយលោកអភិបាលស្រុក និងកម្លាំងមូលដ្ឋានភូមិឃុំ បានចុះទៅដល់កន្លែងកើត ក្នុងនោះក៏បានឃាត់ខ្លួនមន្ត្រីយោធាបានម្នាក់។ រឿងដែលឈានដល់ប្រើអំពើហិង្សានេះ គឺកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មានកម្មវិធី ខនសឺតមួយ នៅភូមិតាហ៊ុយ ឃុំកំពង់ប្រសាទ ជាប់ព្រំប្រទល់ និងឃុំក្រាំងតាយ៉ងដែរ។
នៅក្នុងពិធីនេះមានការផឹកស៊ីទាស់សម្តីគ្នាបន្តិចបន្តួច លុះដល់ព្រឹកឡើងភាគីទាំងពីរ បានដឹកដីផ្លូវតែមួយ ក្នុងនោះក្រុមពលរដ្ឋក៏មានរថយន្តដឹកដីដែរ ហើយក៏បានសួរគ្នាថា យប់មិញមានរឿងអី? ហើយក៏បានផ្ទុះហិង្សា ក្រុមប្រជាពលរដ្ឋរត់គេចចេញ ខណៈនោះក្រុមកងវិស្វកម្មដេញតាមវាយគ្នា រហូតមកដល់ផ្ទះប្រជាពលរដ្ឋភូមិពងទឹក ឃុំក្រាំងតាយ៉ងតែម្តង៕