ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បដិសេធ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​បរទេស​មួយចំនួន ថា កម្ពុជា​ប្រហែល​បាន​អនុញ្ញាតឱ្យ​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ចាក​ចេញពី​កប៉ាល់​ទេសចរណ៍ Westerdam បង្កើន​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ជាស​កល​

78

 

​ភ្នំពេញ​៖
​សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការអះអាង​ធ្វើឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​បរទេស​មួយចំនួន ដែលនាំឱ្យ​សាធារណជន ជឿថា​ប្រទេស​កម្ពុជា​ប្រហែល​បាន​អនុញ្ញាតឱ្យ​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ចាក​ចេញពី​កប៉ាល់​ទេសចរណ៍ Westerdam ដែល​ការអនុញ្ញាត​នេះ បង្កើន​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ជាស​កល​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានប្រកាស​ច្រាន​ចូល​ចំពោះ​សេចក្តីថ្លែងការណ៍ និង​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេសមួយ​ចំនួន ដែល​បាន​វាយប្រហារ​កម្ពុជា ចំពោះ​ការអនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាលពីពេល​ថ្មីៗ​នេះ​។​

​អ្នកនាំពាក្យ ក្រសួងការបរទេស បាន​បញ្ជាក់ថា អត្ថបទ និង​សេចក្តីថ្លែងការណ៍​មាន​លក្ខណៈ​ប្រញាប់ប្រញាល់ គ្មាន​ការយកចិត្តទុកដាក់ គ្មាន​វិជ្ជាជីវៈ និង មានការ​ចោទប្រកាន់​បែបនេះ បាន​ជំរុញឱ្យមាន​ការភ័យខ្លាច និង​ការភាន់ច្រលំ​ដែល​មិនគួរ​កើតមាន ក្នុងចំណោម​សាធារណជន ពាក់ព័ន្ធ​ទៅនឹង​ការរីក​រាលដាល​នៃ​វីរុស COVID-19 ដែល​បណ្តាលឱ្យ​មានការ​រើសអើង​ចំពោះ​អ្នកដំណើរ​នៃ​នាវា Westerdam និង​មាន​ចេតនា​ទុច្ចរិត​មិនឱ្យ​តម្លៃ​ទៅលើ​កាយវិការ​មនុស្សធម៌ និង​សមត្ថភាព​ផ្នែក​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​។​

​នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក Westerdam បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ នាវា​នេះ​ដឹក​មនុស្ស​ជាង ២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ បន្ទាប់ពី​បាន​ចូល​ចត​នៅ​កំពុងផែ​ព្រះសីហនុ និង​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក អ្នកទេសចរ​ទាំងនោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត ឱ្យធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា ឬ​ចាកចេញ​តាម​ជើងយន្តហោះ បើសិនជា​ពួកគេ​ចង់​ចាកចេញ​។​
​ទោះជា​យ៉ាងនេះ​ក្តី ក្នុង​ដំណើរ​វិលត្រឡប់​ទៅកាន់​ប្រទេស ក្នុងចំណោម​អ្នកដំណើរ​១៤៥​នាក់ ដែល​ចាក​ចេញពី​កម្ពុជា​នៅ​ជើង​ទី​៣ ដែល​ត្រូវ​ឆ្លងកាត់​ម៉ាឡេស៊ី​នោះ ក្រសួងសុខាភិបាល​ប្រទេស​នេះ បានប្រកាសថា ខ្លួន​បាន​រកឃើញ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅលើ​ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់ វ័យ​៨៣​ឆ្នាំ ដែល​បាន​ចូល​កម្ពុជា​តាម​នាវា Westerdam​។​
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ករណី​ស្ត្រី​ជនជាតិ​អាមេរិក វ័យ​៨៣​ឆ្នាំ ដែល​កាលពី​មុននេះ​ត្រូវបាន​គេ​ធ្វើតេស្ត​រក​មេរោគ COVID-19 ឃើញ​វិជ្ជមាន នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក ជា​អាជ្ញាធរ​សុខភាព​ដែលមាន​ការទទួលស្គាល់​ជា​សាកល បាន​បដិសេធ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នោះ និង​បានបញ្ជាក់​តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន ដែល​បាន​លើកឡើងថា ខ្ញុំ​សូម​ធ្វើការ​អះអាងថា អ្នកដំណើរ​ទាំងអស់​ត្រូវ​បានធ្វើ​តេស្ត នឹង​រកឃើញថា​មាន​លទ្ធផល អវិជ្ជមាន រួមទាំង​ស្ត្រី​វ័យ​៨៣​ឆ្នាំ​នោះ​ផងដែរ​។​
​លើសពីនេះ​ទៀត ស្របគ្នា​ជាមួយ​ការរកឃើញ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​ដែរ គណៈកម្មាធិការ​នាយក​ផ្នែក​ការពារ សុខភាព​របស់​អូស្ត្រាលី (AHPPC) បានធ្វើការ​សម្រេចចិត្ត កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០២០ ដកចេញ​នូវ​ការ​កំហិត​ឲ្យ​អ្នកដំណើរ​ចេញពី​កប៉ាល់ Westerdam ដោយ​មិនចាំបាច់​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេឯង រយៈពេល​១៤​ថ្ងៃ ដើម្បី​ត្រួតពិនិត្យ​រក COVID-19 នៅពេល​ត្រឡប់​មកដល់​ប្រទេស​អូស្ត្រាលី វិញ​នោះទេ​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ជាថ្មី​នូវ​ជំហរ​រឹងមាំ​របស់​កម្ពុជា ចំពោះ​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​នៅក្នុង​កំពង់ផែ ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​អ្នកដំណើរ​លើ​នាវា​នោះ អាចធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព ទៅកាន់​គោលដៅ​ប្រទេស​កំណើត​របស់​ពួកគេ​រៀងៗ​ខ្លួន​វិញ​។ កាយវិការ​របស់​កម្ពុ​ជា​បែបនេះ កើតឡើង​ដោយសារ​ក្តី​អាណិតអាសូរ និង​មនសិការ​មនុស្សជាតិ ការជឿជាក់​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​គុណ​តម្លៃ​នៃ​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ជា​អន្តរជាតិ ប៉ុន្តែ​បន្ថែម​លើ​នេះ កម្ពុជា​ក៏​ប្រកាន់ខ្ជាប់​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ទៀតផង​៕

 


អត្ថបទដែលជាប់ទាក់ទង