ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្កាត់២នៅខណ្ឌដង្កោនឹងទទួលបាន ការស្ថាបនា ផ្លូវ លូ ឡើងវិញក្រោយជំនន់ទឹកភ្លៀងស្រុកចុះអស់

117

ភ្នំពេញ៖ សង្កាត់ចំនួន២នៅខណ្ឌដង្កោនឹងទទួលបាន ការស្ថាបនាផ្លូវ ឡើងវិញក្រោយជំនន់ទឹកភ្លៀងស្រុកចុះអស់ ។ ក្នុងនោះមានសហគមនអន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃសធ្វើផ្លូវ៣ខ្សែរួមនិងការដាក់លូ និងសង្កាត់សាក់ សំពៅនឹងស្ថាបនាផ្លូវឡើងវិញចំនួន២ខ្សែដែលទទួលរងខូចខាតដោយសារទឹកហូរផ្តាច់ផ្លូវ ។

  នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅពេលដែលលោកណែនាំទៅមន្ទីរជំនាញ ខណៈដឹកនាំមន្ត្រីនិងអាជ្ញាធរចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមនអន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃសនិងបន្តចុះទៅពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅសង្កាត់សាក់ សំពៅ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៦ កក្កដានេះ។
   ចំពោះការចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមនអន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស លោក ឃួង ស្រេង បានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែរួមនិងការដាក់លូជូនប្រជាពលរដ្ឋ ខណៈដែលផ្លូវ៣ខ្សែនេះកំពុងឈូសឆាយចាក់ថ្មហើយនោះ។
   លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយទៀត នោះគឺចលនាប្រជាពលរដ្ឋអោយទៅបោះឆ្នោតនៅថ្ងៃទៅ២៩ កក្កដា ខាងមុខនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសហគមននេះ សូមទៅបោះឆ្នោតទាំងអស់គ្នា ហើយក្រោយការបោះឆ្នោត បើទទួលបានលទ្ធផលល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវ៣ខ្សែនេះជាផ្លូវបេតុងជូនតែម្តង រួមនិងការដាក់លូទំហំ៨តឹកអោយថែមទៀត។
   លោកសៀង សុផាត អាយុ៥៨ឆ្នាំ លោកថាច សាឡន អាយុ៤៤ឆ្នាំនិង អ៊ុំ ស្រីឈ្មោះបាន កេង អាយុ៦៤ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅសហគមនអន្លង់គង ភូមិអន្លង់គងថ្មីសង្កាត់ព្រៃសមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជារីករាយណាស់ ដែលបានលោកអភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ចុះមកសួរសុខទុក្ខនិងបានកសាងផ្លូវ លូអោយពួកគាត់ថែមទៀតនេះ ។ ពួកគាត់បញ្ជាក់ថា ពីមុនសហគមនរបស់ពួកគាត់រស់នៅ បានទទួលរងការលិចលង់ ដោយជំនន់ទឹកភ្លៀងពិបាកក្នុងការរស់នៅ ។ តែពេលនេះមិនត្រឹមតែអភិបាលរាជធានីភ្នំពេញធ្វើផ្លូវអោយប៉ុណ្ណោះទេ គឺនៅបានស្ថាបនាលូអោយបន្ថែមទៀត។
   ប្រជាពលរដ្ឋបានសន្យាថា ពួកគាត់នឹងទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្លដា ២០១៨ទាំងអស់គ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ហើយគណបក្សដែលពួកគាត់ត្រូវតែទៅបោះឆ្នោតជូននោះ គឺគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីអោយសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។ មានសម្តេចតេជោហ៊ុន សែន គឺមានការអភិវឌ្ឍរីកប្រទេសជាតិអោយរីកចំរើន។
   មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានបញ្ជាក់ថា សហគមនអន្លង់គង មានផ្ទៃដីជិត១០ហិកតា មានប្រជាពលរដ្ឋរស់នៅជិត៣០០គ្រួសារ និងអ្នកមានឈ្មោះទៅបោះឆ្នោតប្រមាណ៧០០នាក់។
   ក្រោយបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមនអន្លង់គងហើយនោះ លោក ឃួង ស្រេង ក៏បានអញ្ជើញបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅសង្កាត់សាក់ សំពៅ ខណ្ឌដង្កោបន្តទៀត។
  នៅក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្ថាបនាផ្លូវចំនួន២ខ្សែឡើងវិញ ក្រោយពីផ្លូវទាំង២ខ្សែនេះទទួលរងខូចខាតដោយសារទឹកហូរផ្តាច់កាលពីប៉ុន្មានថ្ងៃមុននេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង